សេដ្ឋកិច្ច

រោងចក្រ​ផលិត​ទឹក​ស្អាត​តម្លៃ ៣០លាន​ដុល្លារ​នឹង​ដាក់​ឱ្យដំណើរការនៅដើមខែមេសានេះ ក្នុងខេត្តកំពត

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត​ ដែល​មានតម្លៃ​ប្រមាណ៣០លាន​ដុល្លារ​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ​នៅថ្ងៃទី២ ខែមេសា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​កម្ពុជា​។

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត​ដែល​ត្រូវ​បាន​សាងសង់​កាលពី​ឆ្នាំ​ ២០១៨កន្លងមក​នេះ​ ជា​ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន ៣២៨៤​លាន​យ៉េន​ ដែល​មានតម្លៃ​ជិត ២៧លាន​ដុល្លារ​ ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីផលិត​ទឹក​ស្អាត​នៅក្នុង​ខេត្តកំពត​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។

ប្រទេស​ជប៉ុន​បាន​នាំមុខ​គេ​ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ទឹក​ស្អាត​តាំង​ដើ​មទ​សវត្សរ៍១៩៩០ ។
ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទាំងនៅក្នុង​រាជធានី​ភ្នំពេញ​ នៅ​ខេត្តសៀមរាប​ នៅ​កំពង់ចាម​ និង​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត​ សុទ្ធតែ​បាន​ប្រើប្រាស់​ជំនួយ​របស់​ជប៉ុន​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហើយ​ជា​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ ដោយកំណត់យកឆ្នាំ២០២៥ ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់១០០​%៕