កីឡា

សរសើរ​ទឹកចិត្ត​គ្រូប្រដាល់​ ​ភោគ​ ​មករា​ ​ពូកែ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ដល់​បរទេស​

គ្រូប្រដាល់​ពូកែ​ទាំង​តិចនិក​ ​បច្ចេកទេស​ ​និង​សំបូរ​វោហារ​សព្ទ​ ​ភោគ​ ​មករា​ ​តែងតែ​ព្យាយាម​ពន្យល់​ ​បង្ហាត់បង្ហាញ​ដល់​បរទេស​ឲ្យ​ស្គាល់​អំពី​គុន​ខ្មែរ​ ​និង​ទទួល​បាន​ជោគជ័យ​ច្រើន​នា​ពេល​កន្លងមក​នៅ​ឯ​ខេត្តសៀមរាប​។​

​អ្នក​ស្រឡាញ់​គុន​ខ្មែរ​រូប​នេះ​បាន​ឲ្យដឹង​ថា​ ​កាលដែល​ចាប់ដៃ​គូ​ជាមួយ​ម្ចាស់​ក្លឹប​ ​Mr​ ​Ly​ ​នេះ​គឺ​មាន​មាន​វត្ថុបំណង​ដូចគ្នា​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ​ ​ខណៈ​ម្នាក់​មាន​ជំនាញ​ស្រាប់​ខាង​បង្ហាត់បង្រៀន​ ​និង​ម្នាក់​មាន​ជំនាញ​ខាង​ផ្សព្វផ្សាយ​ ​និង​បង្កើត​កម្មវិធី​បង្ហាត់​។​ ​ចំណុច​ខាងលើ​នេះ​ហើយ​ ​បាន​ធ្វើឲ្យ​ពួកគេ​ចាប់ដៃ​គ្នា​ ​លើកស្ទួយ​វិស័យ​ប្រដាល់​ល្បី​ខ្លាំង​នៅ​ខេត្តសៀមរាប​ដែល​មាន​បរទេស​មក​ហាត់​ច្រើន​។​

គ្រូប្រដាល់​វ័យ​ក្បែរ៣០ឆ្នាំ​ខាងលើ​លើកឡើង​ទៀត​ថា​ ​លោក​សប្បាយរីករាយ​ណាស់​នាម​ជា​កូនខ្មែរ​ម្នាក់​ ​បាន​ចូលរួម​ថែរក្សា​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​ ​និង​សំណូមពរ​ដល់​គ្រូ​ៗ​ប្រដាល់​ដទៃទៀត​កុំ​ភ្លេច​ចូលរួម​ផ្សព្វផ្សាយ​ទាំងអស់គ្នា​ ​ទៅតាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បីឲ្យ​បរទេស​បាន​ស្គាល់​បន្ថែម​ទៀត​។​

​លោក​ ​ភោគ​ ​មករា​ ​ជា​គ្រូប្រដាល់​ប្រចាំ​ក្លឹប​ ​Mr​ ​Ly​ ​នៅ​ខេត្តសៀមរាប​។​ ​បច្ចុប្បន្ន​នេះ​ក្រៅតែ​ពី​បង្ហាត់​ប្រដាល់​គុន​ខ្មែរ​ដើម្បី​សុខភាព​ហើយ​ ​ក៏​មាន​សិស្ស​មួយចំនួន​បាន​មក​ឡើង​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​តាម​ស្ថានីយ​ទូរទស្សន៍​មួយចំនួន​៕​