វិទ្យាសាស្រ្ត&បច្ចេកវិទ្យា

អ្នកជំនាញ​បង្ហើប​មូលហេតុ​ ​ល្បឿន​អ៊ី​ន​ធើ​ណី​ត​ ​4G​ ​នៅ​ខ្មែរ​ធ្លាក់ចុះ​ខ្លាំង​

​ល្បឿន​អ៊ីនធឺណិត​ទូរសព្ទ​ ​4G​ ​នៅ​កម្ពុជា​ ​ជាមធ្យម​មានការ​ធ្លាក់ចុះ​រហូតដល់​ ​16.5MB​ ​ក្នុង១វិនាទី​។​ ​ការសិក្សា​នេះ​ ​ធ្វើឡើង​ដោយ​ប្រមូល​យក​ទិន្នន័យ​ពី​បណ្ដាញ​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា​ចំនួន​ ​៥ម៉ឺន​គ្រឿង​។​

​លោក​ ​Kevin​ ​Fitchard​ ​ប្រធាន​អ្នកវិភាគ​នៅ​ ​Open​ ​Signal​ ​បាន​ឲ្យដឹង​ថា​ ​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​ល្បឿន​អ៊ីនធឺណិត​ ​4G​ ​ដោយសារតែ​សន្ទុះ​កំណើន​អតិថិជន​ប្រើ​ប្រាស់​ថ្មី​ៗ​មានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ​ដែល​ជា​កត្តា​ប្រកួតប្រជែង​មួយ​សម្រាប់​សមត្ថភាព​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា​។​

​បើ​តាម​ ​Open​ ​Signal​ ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ធំៗ​នៅ​កម្ពុជា​ ​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ ​ហើយ​ទំនងជា​អាច​ធ្វើឲ្យ​វា​មាន​តុល្យភាព​បាន​រវាង​កំណើន​នៃ​អ្នកប្រើ​ប្រាស់​ ​និង​គុណភាព​នៃ​ល្បឿន​អ៊ីនធឺណិត​ ​នា​ថ្ងៃ​អនាគត​។​

​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ ​កម្ពុជា​មានការ​ពង្រីក​សេវា​ ​4G​ ​បាន​ចំនួន​ ​៧០​%​ ​ស្មើនឹង​ឥណ្ឌូណេស៊ី​ ​និង​វៀតណាម​។​ ​ដោយឡែក​ ​ប្រទេស​ដែល​នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​នៅ​លើ​វិស័យ​ ​4G​ ​នេះ​គឺ​ប្រទេស​ថៃ​ ​ជាមួយនឹង​វិសាលភាព​ប្រើប្រាស់​ចំនួន​ ​៨៥​%​។

​នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ដោយក្រុម​ហ៊ុន​ ​Open​ ​Signal​ ​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី​ ​SOUTHEAST​ ​ASIA​ ​GLOBE​ ​កាលពី​ថ្ងៃទី៩​ ​សីហា​ ​២០១៨​ ​គិត​ត្រឹម​រយៈពេល​ ​៦ខែ​ចុងក្រោយ​ ​កាលពី​ឆ្នាំ​ ​២០១៨​៕​