វិទ្យាសាស្រ្ត&បច្ចេកវិទ្យា

Facebook​ ​សង់​មជ្ឈមណ្ឌល​មួយ​នៅ​សិង្ហបុរី​ ​ដើម្បី​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​នៅ​អាស៊ី​

​នៅ​ថ្ងៃទី៥​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​Facebook​ ​បាន​ប្រកាស​ថា​ ​ខ្លួន​កំពុង​សាងសង់​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​មួយ​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​នៅ​ទ្វីបអាស៊ី​ ​ក៏ដូចជា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ ​Facebook​ ​បាន​បញ្ជាក់​ថា​ ​មជ្ឈមណ្ឌល​ថ្មីនេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ ​ជាពិសេស​អំឡុង​យុទ្ធនាការ​ឃោសនា​ ​ត្រៀម​ការបោះឆ្នោត​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ​ការប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ប្រមាថ​លើ​អ្នកដទៃ​ ​ការគាបសង្កត់​លើ​អ្នកបោះឆ្នោត​ ​និង​ការ​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​។​

​Facebook​ ​បន្ត​ថា​ ​ខ្លួន​នឹង​បញ្ជូន​បុគ្គលិក​ដែល​មានស្រាប់​ ​ទៅ​បំពេញការងារ​នៅ​មជ្ឈមណ្ឌល​ដែល​សាងសង់​នៅ​សិង្ហបុរី​នេះ​ ​រួម​ទាំង​បុគ្គលិក​មក​ពី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​Instagram​ ​និង​ ​WhatsApp​ ​។​ ​ពួកគេ​នឹង​ធ្វើការ​ជាមួយ​អ្នកនយោបាយ​ ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ ​អ្នកត្រួត​ពិនិត្យ​ភាព​ត្រឹមត្រូវ​ ​អ្នកស្រាវជ្រាវ​ ​សិស្ស​និស្សិត​ ​និង​សង្គម​ស៊ីវិល​ ​ដើម្បី​សម្រេច​គោលដៅ​ខាងលើ​៕​