នយោបាយ

លោកស្រី Theresa May ប្រកាសលាលែងពី​ដំ​ណែង​នាយករដ្ឋមន្រ្តី​អង់គ្លេស

លោកស្រី Theresa May នៅថ្ងៃសុក្រនេះ បាន​ប្រកាសលាលែងពី​​ដំណែង​ជានាយករដ្ឋមន្រ្តី​អង់គ្លេស ដើម្បី​ទុក​ឱកាសឲ្យ​មេដឹក​នាំក្រោយ​ធ្វើការ​ដោះស្រាយ​បញ្ហាទាក់ទងនឹង​​ការចាកចេញ​របស់​ប្រទេស​នេះពីសហភាព​អឺរ៉ុប​ឲ្យបាន​ឆាប់។

តាម​ការចុះផ្សាយរបស់ទីភ្នាក់​ងារ​​សារព័ត៌មាន​រ៉យទ័រ លោកស្រី Theresa May នឹង​លាលែង​ដំណែង​ជាប្រធានបក្ស​អភិរក្សនិយម​ នៅថ្ងៃ​ទី​៧ ខែ​មិថុនា ដើម្បីឲ្យ​ក្រុម​មេដឹកនាំ​មក​ពីគណបក្សអ្នកស្រី​អាច​ប្រកួត​ប្រជែងគ្នាក្នុង​បក្ស​ ដើម្បី​ទទួលបាន​ដំណែង​ជានាយករដ្ឋមន្រ្តី។ ទោះយ៉ាងណាក៏ដោយ លោកស្រី Theresa May នឹង​នៅ​កាន់​ដំណែងជានាយរដ្ឋមន្រ្តី​ចាំផ្ទះ​រហូតជ្រើស​រើស​នាយករដ្ឋ​មន្រ្តី​ថ្មីបាន។

លោកស្រី Theresa May បាន​ឡើងកាន់​ដំណែងជានាយករដ្ឋមន្រ្តី​អង់គ្លេស​កាលពីខែកក្កដា ឆ្នាំ២០១៦ បន្ទាប់​ពី​លោក David Cameroon បាន​លាលែង។ ការចុះចេញ​ពី​ដំណែងរបស់​លោក David Cameroon នាពេលនោះ ធ្វើឡើងក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ថា​ តើអង់គ្លេស​គួរ​តែ​នៅក្នុងសហភាព​អឺរ៉ុប​ទៀត​ឬទេ។ ជាលទ្ធផល​ ពលរដ្ឋ​ប្រទេស​នេះ​ដល់​ទៅ​ ៥២ភាគរយ​ សម្រេច​ចិត្ត​ចាកចេញ​ពីសហភាព​អឺរ៉ុប៕