នយោបាយ

កម្ពុជា​​ស្នើ​​វៀត​ណាម​​បញ្ឈប់​​ជា​បន្ទាន់​​ការ​រំលោភ​​បំពាន​​ខ្សែ​បន្ទាត់​​ព្រំដែន​​

កម្ពុជា​​ស្នើ​​វៀត​ណាម​​បញ្ឈប់​​ជា​បន្ទាន់​​ការ​រំលោភ​​បំពាន​​ខ្សែ​បន្ទាត់​​ព្រំដែន​​

កញ្ញា ខាន់ លក្ខិណា

|  ២០ ឧសភា ២០២០

ម៉ោង ៥:៥៧ ល្ងាច

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

កម្ពុជា​ក្រើនរំលឹក​វៀតណាម​ឱ្យ​ឈប់​ចល័ត​ទីតាំង​ឈរជើង​រំលោភ​ចូល​ខ្សែបន្ទាត់​ព្រំដែនដែល​បាន​ឯកភាព​គ្នា​រួចហើយ ដើម្បី​រក្សា​ភាព​ស្មោះត្រង់​នៅក្នុង​ទំនាក់ទំនង​ប្រទេសជិតខាង​គ្នា។

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាល​ខេត្ត​កណ្ដាល​បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ ហើយ​បាន​រក​ឃើញ​តង់​ចំនួន ៩កន្លែង ត្រូវ​បាន​ទាហាន​វៀតណាម​សាងសង់​នៅ​តំបន់​ដែល​ភាគី​កម្ពុជា និង​វៀតណាម មិនទាន់​ឯកភាព​គ្នា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កម្ពុជា​បានសម្រេច​បញ្ជូន​កំណត់​ទូត​មួយ​ទៅ​ភាគី​វៀតណាម​កាលពី​ថ្ងៃទី១៣ ខែឧសភា​សប្ដាហ៍​មុន ដើម្បី​ប្រាប់​ទៅ​ភាគី​វៀតណាម​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការរំលោភ​បំពាន​ខ្សែបន្ទាត់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា ដោយធ្វើ​យ៉ាងណា​ឱ្យ​កងទ័ព​របស់​ខ្លួន​រុះរើ​តង់​ត្រឡប់ទៅ​កាន់​ទីតាំង​ដែល​បាន​ឯកភាព​គ្នា​វិញ។

លោក កុយ គួង មានប្រសាសន៍​ថា៖ «ខ្លឹមសារ​នៃ​កំណត់​ទូត​ហ្នឹង យើង​បាន​បញ្ជាក់​ថា វត្តមាន​របស់​យោធា​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន​មិនទាន់​បាន​ឯកភាព​គ្នា​ហ្នឹង គឺ​បាន​រំលោភ​ចំណុច​ទី៨ នៃ​សេចក្ដីប្រកាស​រួម​កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និង​កថាខណ្ឌ​ទី៥ ប្រការ៣ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ ក៏ដូចជា​រំលោភ​កិច្ច​ព្រមព្រៀង​ព្រំដែន​នានា ដែល​បាន​បញ្ចប់​ការចរចា​ដោយ​ភាគី​កម្ពុជា និង​វៀតណាម»។ 

លោក កុយ គួង បន្ត​ថា វៀតណាម​បាន​បោះតង់ និង​ដាក់​កងកម្លាំង​យោធា​ចំនួន ៣១កន្លែងនៅ​ស្រុកលើ​កដែក និង​ស្រុក​កោះធំ ក្នុង​ខេត្ត​កណ្ដាល ប៉ុន្តែ លោក​ថា ភាគី​វៀតណាម​បាន​រុះរើ​តង់​ចេញពី​តំបន់​មិនទាន់​ឯកភាព​ចំនួន ៣កន្លែង​ប៉ុណ្ណោះ ហើយ​នៅ​សស់ ២៨កន្លែង​ទៀត​ មិនទាន់​រុះរើ​ចេញ​នៅឡើយ។

លោក កុយ គួង មានប្រសាសន៍​បន្ត​ថា៖ «ក្នុង​កំណត់​ទូត​នោះ ស្នើ​ឱ្យ​ភាគី​វៀតណាម​ធានា​ថា សកម្មភាព​បែបនេះនឹង​មិនកើត​ឡើងជា​ដាច់ខាត​នៅក្នុង​ពេល​អនាគត ដើម្បី​រក្សា​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី​ដែល​មានស្រាប់ និង​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ»។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អ្នក​តាមដាន​បញ្ហា​ព្រំដែន លោក រ៉ុង ឈុន ដែល​ជា​អតីត​សមាជិក​ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មក​ពី​កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​សាទរ​ចំពោះ​ការ​ផ្ញើ​តំណ​ត់ទូត​តវ៉ា​ទៅ​ភាគី​វៀតណាម ប៉ុន្តែ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​យកចិត្ត​ទុកដាក់ និង​ពង្រឹង​ការ​ការពារ​អធិបតេយ្យ​ភាព​កម្ពុជា។

លោក រ៉ុង ឈុន ប្រាប់​ថា៖ «កម្ពុជា​យើង​ត្រូវ​ពង្រឹង​ការអភិវឌ្ឍនៅ​តាម​តំបន់​ព្រំដែន ហើយ​ត្រូវ​ពង្រឹង​សមត្ថកិច្ច​កងកម្លាំង​ការពារ​ព្រំដែន ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ព្រំ​ដែន​សិ្ថ​តស្ថេរ ចៀសវាង​កុំឱ្យ​យួន​បង្ខិត​ចូល​មក​ក្នុង​ដែន​អធិបតេយ្យ​យើង​បន្ត​ទៀត។ រដ្ឋាភិបាល​ត្រូវតែ​ឈរ​ទៅលើ​គោលការណ៍​យក​ផែនទី​ដែល​បាន​តម្កល់ទុក​នៅ​ប្រទេស​បារាំង​ យក​មក​ធ្វើការ​បោះបង្គោល​ព្រំដែន ធ្វើ​ម៉េច​កុំឱ្យ​ខាតបង់ បាត់បង់​ទឹកដី ព្រំដែន​កម្ពុជា​យើង»។

កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ ដោយ​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោលព្រំ​ដែន​គោក​បោះ​រួមគ្នា​ចំនួន ៣១៤បង្គោល ឬនឹង​ស្មើ ៨៤ភាគរយ។ ចំណែក​ចំណុច​មិន​ឯកភាព​គ្នា​ នៅ​សេសសល់ ១៦ភាគរយ​ទៀត នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត នៅ​ក្រោយពេល​ប្រទេស​បារាំង​ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋាន​បំប្លែង​ពី​ខ្នាត ១/១០០,០០០ មក​ខ្នាត ១/៥០០,០០០ តាម​កិច្ច​ព្រមព្រៀង​ទ្វេភាគី​៕