សង្គម

ពលរដ្ឋភូមិស្វាយសាក់ថា ចៅហ្វាយខេត្តព្រៃវែង និងស្នងការខេត្ត គួរហ៊ានចេញមុខបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់របស់លោក ទីតា ហៅម៉ៅ ដែលល្បីពេញស្រុកស៊ីធរកណ្តាល

ទំនាក់ទំនងការផ្សាយៈ ០៧១ ៧៨៨៨ ៣៤៥
(ព្រៃវែង)៖ សង្វៀនជល់មាន់ មានបង្កប់ល្បែងអាប៉ោងដ៏ធំមួយកន្លែ ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងបរិវេណភួមិគ្រឹះមួយ ទល់មុខវត្តស្វាយសាក់ បានបើកលេងភ្នាល់សុីសងហ៊ោកញ្ជៀវយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ុន្តែគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡើយ ដែលធ្វើឲ្យមតិមហាជនលើកឡើងថា លោក ជា សុមេធិ អភិបាលខេត្ត និងលោក ព្រំ សន្ធរ ស្នងការខេត្ត ព្រងើយកន្តើយ ក្នុងការរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ ជាពិសេសការភ័យខ្លាចឆ្លងរាលដាលជំងឺcovid-19 ដែលរាជរដ្ឋាភិបាលកំពុងព្រួយបារម្ភ និងបានចាត់វិធានការយ៉ាងតឹងរឹុងក្នុងការប្រយុទ្ធប្រឆាំងនិងការពារនោះ។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន អាងប៉ោងនោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿង សម្រុកដឹកមាន់ចូលទៅលេងល្បែងភ្នាល់ក្នុងសង្វៀនមាន់មួយនេះជាច្រើនខែមកហើយ។ពលរដ្ឋរស់នៅក្នុងភូមិស្វាយដាក់បន្តថា សង្វៀនជល់មាន់របស់លោក ទីតាកទីតា ហៅម៉ៅ បានបើកលេងភ្នាល់ដោយមួយគូៗភ្នាល់ចាប់ពីរាប់ពាន់ដុល្លារឡើងទៅ រហូតដល់មុឺនដុល្លារអាមេរិកទៀតផង។ ជាញឹកញយពួកគាត់បានឃើញក្រុមជើងកាង តែងគម្រាមចង់ប្រើហិង្សាមកលើក្រុមអ្នកកាសែតដែលចុះទៅថតរូបភាពនិងយកព័ត៌មាន ដោយប្រើភាសាគម្រាមថាគេនឹងហៅនគរបាលប៉ុស្តិ៍ឃុំពោធិ៍ទី មកចាប់អ្នកកាសែតណា ដែលហ៊ានថតទីតាំងប្រព្រឹត្តល្មើសច្បាប់នេះ ដោយមិនសុំការអនុញ្ញាត។

បើយោងតាមមន្ត្រីម្នាក់ក្នុងឃុំពោធិ៍ទីសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា សង្វៀនជល់មាន់ លេងអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយសារមេសង្វៀន ឈ្មោះជាឈ្មោះ ទីតា ហៅម៉ៅបានរត់ការចែកផលប្រយោជន៍ ឲ្យគ្រប់សមត្ថកិច្ចតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើក្នុងខេត្ត ដេីម្បីបិទមាត់ធានាមិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។

មន្ត្រីរូបនោះបន្តថា លោកទីតាហៅម៉ៅ មានអំណាចខ្លាំងណាស់ ព្រោះគេមានថ្នាក់ដឹកនាំធំៗនៅក្នុងខេត្ត ជួយសម្របសម្រួលពីក្រោយខ្នង ដែលសូម្បីតែអ្នកកាសែត មន្ត្រីមន្ទីរព័ត៌មានខេត្ត និងមន្ត្រីក្រសួងព័ត៌មានខិលខូចមួយចំនួន ក៏ចាំកាងការពារសម្របសម្រួលឲ្យសង្វៀនជល់មាន់ខុសច្បាប់មួយនេះដំណើរការលេងភ្នាល់សុីសង យ៉ាងរលូនដែរ។

ប្រជាពលរដ្ឋរិះគន់ថា បើអភិបាលខេត្តព្រៃវែង លោក ជា សុមេធិ និង លោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត គ្មានការពាក់ព័ន្ធនឹងផលប្រយោជន៍ លើសង្វៀនជល់មាន់ខុសច្បាប់នេះទេ គួរតែបំពេញតួនាទីក្នុងនាមថ្នាក់ដឹកនាំខេត្ត ដែលរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ដើម្បីបម្រើពលរដ្ឋពិតៗ ហ៊ានចេញមុខចាត់វិធានការជាក់លាក់ ប្រកបដោយប្រសិទ្ធភាព បង្ក្រាបទីតាំងសង្វៀនជល់មាន់ក្នុងភូមិស្វាយសាក់មួយនេះ ដើម្បីលើកស្ទួយគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជាក់ជាមិនខានឡើយ។

ទាក់ទងនឹងការលើកឡើងពីសំណាក់ពលរដ្ឋភូមិស្វាក់ខាងលើ អង្គភាពគេហទំព័រសម្លេងជនគ្មានព្រំដែន មិនអាចស្វែងរកការបកស្រាយពីលោក ជា សុមេធិ អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការខេត្ត បានទេ ដោយសារលោកមិនលើកទូរស័ព្ទ៕