សង្គម

ដីព្រៃកោងកាងក្នុងតំបន់អភិរក្សឧទ្យានជាតិបុទុមសាគរជិត៦០ហិកតា ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីយកធ្វើជាកម្មសិទ្ធិ

ទំនាក់ទំនងការផ្សាយៈ097 791 8998
កោះកុង: ដីព្រៃកោងកាងជិត៦០ហិកតា ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានក្រុមឈ្មួញដ៏មានអំណាច ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីអភិរក្សបរិស្ថាន ធ្វើការកាប់ឆ្ការ ឈូសឆាយនិងចាក់ដីលុប ហើយរត់ការសុំកាត់ឆ្វៀលចេញចេញពីតបន់អភិរក្សឧទ្យានជាតិបុទុមសាគរ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងស្ងៀមស្ងាត់ក្រោមការសម្របសម្រួលពីមន្រ្តីពាក់ព័ន្ធ ជួយធ្វើរបាយការវាយតម្លៃ កុហកថ្នាក់ដឹកនាំ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភូមិព្រែកខ្សាច់បានឲ្យដឹងថា សកម្មភាពបំផ្លាញព្រៃកោងកាង ដោយប្រើប្រាស់គ្រឿងចក្រឈូសឆាយ ចាក់ដីលុបនេះ គឺមានសកម្មភាពខ្លាំងក្លា គគ្រឹកគ្រេង ចាប់ពីខែឧសភា ឆ្នាំ២០២០ ហើយក៍គ្មានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីអភិរក្សបរិស្ថាន ចេញមុខហាមឃាត់ឡើយ ពោលគឺឈ្មួញរករសុីដីដ៏មានអំណាច បានប្រើប្រាស់គ្រឿងចក្រឈូសឆាយ ចាក់ដីលុប តំបន់ការពារឧទ្យានជាតិ ដោយគ្មានកោតក្រែងច្បាប់ឡើយ។

ប្រជាពលរដ្ឋក្នុងភូមិព្រែកខ្សាច់បន្តថា ឈ្មួញរកសុីដីដ៏មានអំណាចរូបនេះ ឈ្មោះ ផាត់ ប៊ុនហ៊ួរ និងលោក គ្រួច សម្បត្តិ ដែលល្បីថាជាកូនបង្កើត និងជាមេការ របស់ឧកញ៉ាស្តេចជំនួញប្រចាំខេត្តកោះកុង ដែលមានអំណាចដ៏មហិមា ទ្រព្យសម្បត្តិមហាសាល បានប្រើប្រាស់អំណាចទឹកលុយបិទមាត់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងខេត្តកោះកុង ជាពិសេសមន្ត្រីអភិរក្សបរិស្ថានបុទុមសារគរ ដើម្បីបានធ្វើការឈូសឆាយដីព្រៃកោងកាងដ៏មានតម្លៃជិត៦០ហិកតា ដែលជាព្រៃការពារដោយព្រះរាជក្រឹត្យ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

ជាក់ស្តែងបន្ទាប់ពីបែកធ្លាយពីសកកម្មភាពឈូសឆាយដីព្រៃកោងកាងដែលជាតំបន់ឧទ្យានជាតិបុទុមសាគរពីសំណាក់ លោក ផាត់ ប៊ុនហួរ និងលោក គ្រួច សម្បត្តិ នេះ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្ត ដឹកនាំដោយលោក វ៉េត សុនីម ប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ធាធរភូមិព្រែកខ្សាច់ និងក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ចុះទៅធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាឲ្យលោកផាត់ ប៊ុនហួរ បញ្ឈប់រាល់សកម្មភាពនានាលើទីតាំងដីនេះ ដែលមានទំហ៊ំ២៨,៦៤ហិកតា ដោយរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុនសិន។ ក្រុមគណៈកម្មការចម្រុះដែលដឹកនាំដោយលោក វ៉េត សុនីម ប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីបរិស្ថានខេត្តកោះកុង បានរកឃើញថា ការកាប់ទន្ទ្រានដីព្រៃកោងកាង ប្រើគ្រឿងចក្រឈូសឆាយដីទំហ៊ំ២៨,៦៤ហិកតា របស់លោកផាត់ ប៊ុនហួរ នេះគឺគ្មានច្បាប់អនុញ្ញាតពីក្រសួងបរិស្ថានឡើយ ហើយរកឃើញថា ទើបមានដាំកូនដូងថ្មីៗចំនួន១១០៨៣ដើម ដោយក្រុមកាងារបានបញ្ជាឲ្យដកកូនដូងទាំងអស់ចេញទៀតផង ជាពិសេសក្នុងទីតាំងដីនេះ គ្មានផ្ទះសម្បែង ឬដំណាំអាស្រ័យផលអចិន្ត្រៃយ៍សោះឡើយ។

ផ្ទុយទៅវិញបន្ទាប់ពីមន្ត្រីជំនាញបរិស្ថានខេត្តកោះកុង និងមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំព្រែកខ្សាច់ធ្វើកិច្ចសន្យាឲ្យបញ្ឈប់រាល់សកម្មភាពនានាលើទីតាំងដីខាងលើនេះ បែរជា លោក ផាត់ ប៊ុនហួរ មិនគោរពតាមកិច្ចសន្យាឡើយ ដោយកាន់តែសម្រុកឈូសឆាយព្រៃបន្ថែម ដែលទំនងមានច្បាប់អនុញ្ញាត្តមកពីឋានព្រះឥន្ទផងក៏មិនដឹង ទើបហ៊ានប្រើប្រាស់គ្រឿងចក្រឈូសឆាយបន្ត ចាក់ដីលុប និងដាំកូនដូងបន្ថែម (ពង្រីកផ្ទៃដីដាំដូងថ្មីៗបន្ថែមទៀតឡើងដល់ជិត៦០ហិកតា) ដោយគ្មានមន្ត្រីណាអើយក្បាលទៅហាមឃាត់ឬអនុវត្តច្បាប់ឡើយ។

ដោយសារតែមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន ឲ្យស្ថាប័នជាតិជំនាញពាក់ព័ន្ធ រដ្ឋបាលខេត្ត គ្រប់ខេត្ត ចុះធ្វើការស្រាវជ្រាវដីពលរដ្ឋដែលអាស្រ័យផលពិតប្រាកដក្នុងតំបន់ព្រៃការពារដោយរដ្ឋ ដើម្បីកាត់ឆ្វៀលជូនពលរដ្ឋស្របច្បាប់នោះ មន្ត្រីបរិស្ថានខេត្តកោះ និងមន្ត្រីមូលដ្ឋានឃុំព្រែកខ្សាច់ បានក្លាយត្រីងៀតឆ្លៀតពង ដោយទំនងបានលួចឃុបឃិត ជាមួយលោក ផាត់ ប៊ុនហួរ ធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំ ជួយស្នើសុំកាត់ឆ្វៀលដីព្រៃឧទ្យានជាតិបុទុបសាគរជិត៦០ហិកតា ឲ្យឈ្មោះ ផាត់ ប៊ុនហួរ ធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់រួចទៅហើយក៏ថាបាន។

  1. ពាក់ព័ន្ធនឹងការទន្រ្ទានដីព្រៃកោងកាងនៃឧទ្យានជាតិបុទុមសាគរជិត៦០ហិកតាក្នុងភូមិព្រែកខ្សាច់នេះ អ្នកយកព័ត៌មាន មិនអាចស្វែងរកការបំភ្លឺពីលោក ផាត់ ប៊ុន ហួរ បានទេ ដោយឡែក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានកោះកុង ទូរស័ព្ទខលចូល ប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទ៕