សង្គម

ល្បែងអាប៉ោង យូគី ជល់មាន់ នៅក្រុងបានលុងខេត្តរតនៈគីរី បើកដំណើរវិញហើយក្រោយបិទបាន៣ថ្ងៃ ខណៈរាជរដ្ឋាភិបាលកំពុងព្រួយបារម្ភ ពីការការឆ្លងរីករាលដាលពីជំងឺcovid-19

ទំនាក់ទំនងការផ្សាយៈ 097 791 8998
ខេត្តរតនៈគីរី៖ សង្វៀនជល់មាន់ អាប៉ោង យូគី ដែលស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុន អភិបាលខេត្តរតនៈគីរី កំពុងតែធ្វើព្យុះភ្លៀងឡើងវិញហើយ ក្រោយបិទដំណើរការតែបាន៣ថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យមានការរិៈគន់ថា រដ្ឋបាលខេត្តខេតមួយនេះទំនងអសមត្ថភាពក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុីសងខុសច្បាប់ ខណៈដែលរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ ប្រមូលផ្តុំ និងរក្សាគម្លាតពីគ្នា ដើម្បីការពារកុំមានការឆ្លងរីករាលដាលនៃជំងឺcovid-19។

ប្រភពពលរដ្ឋរស់នៅក្រុងបានលុងបានឱ្យដឹងថាទីតាំង អាប៉ោង យូគី នឹង ជល់មាន់ ដ៏ធំនេះគឺស្ថិតនៅ ភូមិភ្នំធំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី នៅត្រង់ចំណុចភ្នំយោល និមួយទីតាំងទៀតស្ថិតនៅផ្ទះឈ្មោះ ងួន សុវណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី។

ប្រជាពលរដ្ឋលើកឡើងថាលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាលោក យិន សំណាង ស្នងការនគរបាលខេត្ត ហាក់គ្មានអំណាចអនុវត្តច្បាប់ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះទាល់តែសោះ ដែលធ្វើឲ្យមានមន្ទិលថា គឺជាការឃុបឃិតបើកដៃពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បើកឲ្យមានល្បែងភ្នាល់ខុសច្បាប់ ដើម្បីចែកផលប្រយោជន៏គ្នាហើយមើលទៅ ទើបមេល្បែងខាងលើនូវតែព្រហើនហ៊ានផ្គើននឹងច្បាប់ដោយគ្នានកោតក្រែងយ៉ាងនេះ។

ពលរដ្ឋក្រុងបានលុង បានស្នើសំតាមរយៈអ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយពីភាពអសកម្មដ៏អសមត្ថភាព របស់លោកចៅហ្វាយខេត្ត ថង សាវុន និងលោក យិន សំណាង ស្នងការខេត្តរតនគិរី ដើម្បី ឱ្យបានដឹងដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយលុបបំបាត់ល្បែងសុីសងខុសច្បាប់ខាងលើ ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពរបស់ពលរដ្ឋ ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី លើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការឆ្លងរីករាលដាលជំងឺcovid-19 ដោយសារតែការជួបជុំប្រជ្រៀតគ្នាណែនណាន់តាន់តាប់លេងល្បែងភ្នាល់ របស់ក្រុមអ្នកញៀនល្បែង ដែលអាចជាគ្រោះមហន្តរាយដ៏អាក្រក់សម្រាប់ខេត្តមួយនេះ ក៏ដូចជាសន្តិសុខ សុវត្ថិភាព របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើពីសំណាក់ពលរដ្ឋក្នុងក្រុងបានលុង អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោក ថង សាវុន និងលោក យិន សំណាង បានទេ ដោយសារលោកមិនលើទូរស័ព្ទ៕