សង្គម

សង្វៀនជល់មាន់ បង្កប់ល្បែងខុសច្បាប់ បៀរ អាប៉ាង នៅក្នុងឃុំអំពិលតាពក បង្ហាញពីភាពកម្សោយក្នុងការអនុវត្តន៏ច្បាប់ របស់ លោកលឿង រដ្ឋា អធិការស្រុកអូររាំងឪ?

ទំនាក់ទំនងការផ្សាយៈ 071 7888 345
ត្បូងឃ្មុំៈសង្វៀនជល់មាន់ដ៏ធំមួយកន្លែង មានមានបង្កប់ល្បែងខុសច្បាប់បៀរ អាប៉ោង ស្ថិតនៅក្នុងភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ កំពុងដំណើរការបើកលេងភ្នាល់យ៉ាងគគ្រឹកគ្រេងជាចំហ ក្រោមក្រសែភ្នែកមហាជនរិះគន់យ៉ាងចាស់ដៃលើសមត្ថភាពបង្រ្កាបបទល្មើសរបស់លោក លឿង រដ្ឋា ជាអធិការនគរបាល ថាជាបានព្រងើយកន្តើយ មិនយកចិត្តទុកដាក់អនុត្តន៍គោលនយោបាយភូមិឃុំមានសវត្ថិភាពរបស់រាជរដ្ឋភិបាល ខណៈអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ចេះតែកើតមានឡើង ក្នុងភូមិសាស្ត្រ ដែលទំនងផ្តើមចេញពីល្បែងសុីសងខុសច្បាប់នេះតែម្តង។

ពលរដ្ឋរស់នៅក្នុងភូមិទំពាំងបង្កង់ឃុំអំពិលតាពក បានរបាយការណ៏ឲ្យដឹងថា ជារៀងរាល់ថ្ងៃចាប់ពីម៉ោង១១ព្រឹក តែងមានអ្នកជល់មាន់ លេងភ្នាល់ល្បែងបៀរ អាប៉ោង ជិះម៉ូតូ និងរថយន្តរាប់សិបគ្រឿងមកពីគ្រប់ទិសទីពពាក់ពពូន សម្រុកចូលទៅលេងល្បែងក្នុងសង្វៀនជល់មាន់ ដែលមានមេការម្នាក់ឈ្មោះណាក់ ជាអ្នកទទួលខុសត្រូវ រត់ការបែងចែកផលប្រយោជន៏ទៅឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ។

សេក្តីរាយការណ៏បន្តថា សង្វៀនជល់មាន់របស់លោកណាក់ ក្នុងភូមិទំពាំងបង្កង់នេះនេះ បានបើកលេងដុះស្លែ ជាយូរមកហើយ។ ម្តងម្កាលឃើញមានមន្ត្រីនគរបាលស្រុកអូររាំងឪចុះទៅបង្ក្រាបដែរ ដោយចាប់បានត្រឹមតែរបស់របរកំប៉ិកកំប៉ុកដូចជាកៅអីជ័រ និងតង់តែប៉ុណ្ណោះ ដែលសកម្មភាពបង្ក្រាបបែបនេះពីសំណាក់មន្ត្រីនគរបាល មិនខុសអីពីពាក្យចាស់លោកថា “ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃដឹងមុន” និយាយរួមគឺដូចសម្តែងល្ខោនឲ្យតែល្អមើលតែប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយបង្ក្រាបបានមួយរយៈពេលខ្លី មេសង្វៀនជល់មាន់ ឈ្មោះលោក ណាក់ នូវតែអាចគៀងគរមនុស្សគ្រប់ប្រភេទឲ្យចូលមកលេងល្បែងភ្នាល់ខុសច្បាប់យ៉ាងគគ្រឹកគ្រេងក្នុងទីតាំងរបស់ខ្លួនជាដដែលៗ ឯមន្ត្រីអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បែរជាសម្ងំស្ងាត់ឈឹង ដែលទំនងសម្ងំទទួលផលប្រយោជន៏យ៉ាងក្រាស់ក្រែលពីម្ចាស់សង្វៀនជល់មាន់ហើយមើលទៅ។

ប្រជាពលរដ្ឋរស់នៅក្នងឃុំអំពិលតាពក លើកឡើងថា ចាប់ពីជំងឺcovid-19ផ្ទុះឡើង សេដ្ឋកិច្ចរបស់ពួកគាត់ធ្លាក់ចុះ ចំណូលពីរបរកសិកម្មក្នុងគ្រួសារក៏ថយចុះ ពលរដ្ឋបាត់បង់ការងារធ្វើក៏ច្រើន ឯអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារចេះតែកើនឡើង ដោយសារតែវង់ល្បែងនេះជាដើមចម ធ្វើឲ្យគ្រួសារខ្លះជំពាក់គេវ័ន្តក គ្រួសារខ្លះត្រូវបែកបាក់ព្រាត់ប្រាស់និរាសគ្នាក៏មាន។

ប្រជាពលរដ្ឋរស់នៅក្នុងឃុអំពិលតាពក បានសំណូមពរដល់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃុំ និងលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្ត ជាពិសេស នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយពិនិត្យលើសកម្មភាពព្រងើយកន្តើយក្នុងការអនុវត្តន៍ច្បាប់ របស់លោក លឿង រដ្ឋា អធិការស្រុកអូររាំឪផង ដើម្បីលើកំពស់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អ្នកយកព័ត៌មានបានរាយការណ៍តាមប្រព័ន្ធតេលេក្រាមជូន លោកលឿង រដ្ឋា អធិការស្រុកអូររាំងឪ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ និងសុំការបកស្រាយ ប៉ុន្តែលោកមិនបានឆ្លើយតបឡើយ៕