នយោបាយ

ក្រសួងការបរទេសកម្ពុជាដេញឲ្យអាមេរិកមើលពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសខ្លួន មុននិយាយរិះគន់កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា​ដេញ​ឲ្យ​សហរដ្ឋអាមេរិក​ទៅ​ពិនិត្យ​មើល​ពី​បញ្ហា​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ខ្លួន​ជា​មុន​ មុន​នឹង​និយាយ​រិះគន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​ទី​០២​ខែ​មេសា​ឆ្នាំ​២០២១​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ បាន​ចេញ​នូវ​របាយការណ៍​មួយ​រិះគន់​កម្ពុជា​ថា​មាន​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​។

បានសម្តែងការហួសចិត្ត ដែលសហរដ្ឋអាមេរិកមិនបានធ្វើជាគំរូដល់បណ្តាប្រទេសផ្សេងទៀត ក្នុងការអនុវត្តលើបញ្ហាសិទ្ធិមនុស្សនោះទេ ដោយសហរដ្ឋអាមេរិកខ្លួនឯង មិនបានលើកយកពីការរំលោភបំពានសិទ្ធិមនុស្ស ដែលកើតមានក្នុងប្រទេសខ្លួនមកបញ្ជាក់នៅក្នុងរបាយការណ៍។

នៅទន្ទឹមនេះ ក្នុងសេចក្តីថ្លែងការណ៍ដដែរ ក្រសួងការបរទេសកម្ពុជាបានរំលឹកសហរដ្ឋអាមេរិកពីហេតុការណ៍ប្រវត្តិសាស្រ្តដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជា នៅអំឡុងទសវត្សរ៍ទី៧០ ដែលបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជារងគ្រោះ និងចាត់ទុកថានោះជាបំណុលសីលធម៌ដែលអាមេរិកជំពាក់កម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា របាយការណ៍រិះគន់សិទ្ធិមនុស្សរបស់អាមេរិក ជារបាយការណ៍គ្មានវិធីសាស្រ្តត្រឹមត្រូវក្នុងការវាយតម្លៃ ដោយសារតែការជ្រើសរើសតែបញ្ហាមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមកធ្វើជាអាវុធរិះគន់កម្ពុជា ហើយកម្ពុជានៅតែបន្តអនុវត្តប្រជាធិបតេយ្យ ដែលស្របស្រមទៅតាមអនុលោកនៃរដ្ឋធម្មនុញ្ញាកម្ពុជាដោយឥតងាករេ៕

(ដកស្រង់ទាំងស្រុងពីវិទ្យុបារាំង)