សង្គម

ជនជាតិចិន​រាប់ពាន់នាក់​នៅ​តំបន់​ទេសចរ​តារា​សាគរ ត្រូវបាន​អាជ្ញាធរ​រឹតបន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក

​ជន​ជាតិចិន​រាប់ពាន់នាក់ បម្រើ​ការងារ​នៅក្នុង​តំបន់​វិស្សមកាល​តារា​សាគរ LONG BAY កំពុង​ត្រូវ​បាន​អាជ្ញាធរ​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក គ្រា​ដែលពួកគេ​ហាក់​មិន​គោរព​វិធាន​សុខា​ភិបាល ស្របពេល​ទីតាំង​ខាងលើ​ ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ច្រើនជាងគេ​។​

លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង ថ្លែង​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ២០២១​នេះថា មាន​ជនជាតិ​ចិន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន ១.២១១​នាក់​ ​ស្រី ៣៨០​នាក់​។ បើ​គិត​ចាប់ពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ មកដល់ពេលនេះ រកឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៣០​នាក់​, ស្រី​០៧​នាក់​។

លោក​អភិបាលរង​ខេត្ត គូសបញ្ជាក់ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត មន្ត្រី​សុខាភិបាល ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ ចុះ​ពិនិត្យ​អគារ​ក្រុមហ៊ុន LONG BAY ស្ថិតក្នុង​តំបន់​វិស្សមកាល​តារា​សាគរ ស្រុក​គិរីសាគរ ដែលជា​ទីតាំង​តែមួយ​គត់ មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​ច្រើន​ក្នុង​ខេត្តកោះកុង​។ គោលបំណង​នៃ​ការចុះពិនិត្យ​ទីតាំង​នាពេលនេះ ដើម្បី​ពិភាក្សាគ្នា និង​កំណត់​វិធានការ​ច្បាស់លាស់​មួយ ឈានទៅ​គ្រប់គ្រង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យមាន​ប្រសិទ្ធភាព ស្របតាម​ការណែនាំរបស់​ក្រសួងសុខាភិបាល​។

លោក ទូ សាវុធ បន្ថែមថា រដ្ឋបាលខេត្ត​នៅតែ​បន្ត​បិទ​ការចេញ​ចូលក្នុង​អគារ​ក្រុមហ៊ុន LONG BAY ទាំងមូល ដែលមាន២២​អគារ រួមទាំងបិទ​អគារ​ប្លុក​០៨ ពិសេស​ជាន់​ទី​០៤ និង​ទី​០៥ ដែលជា​ទីតាំង​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ «​អ្នក​វិជ្ជមាន​ចំនួន​០៨​នាក់ កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១» និង​មាន​អ្នក​ប៉ះពាល់​ផ្ទាល់ និងប្រយោល​ចំនួន៥៦​នាក់ កំពុង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​ចាក់សោ​មិន​អនុញ្ញាត​ឱ្យមាន​ការចេញ​ចូល​។​

ដើម្បី​ពង្រឹង​វិធាន​សុវត្ថិភាព​សុខាភិបាល បញ្ជាការ​ឯកភាព​ខេត្តកោះកុង បានសម្រេចប្រើ​កម្លាំង​នៃ​ស្នងការ​នគរបាល និង​អាវុធហត្ថ​ខេត្ត ដោយ​ដាក់ឱ្យ​យាម​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​អគារ LONG BAY ដើម្បី​គ្រប់គ្រង​ការចេញចូល និង​តាមដាន​អ្នក​កំពុង​ច​ត្តា​ឡី​ស័ក​។​

កន្លងមក​ការគ្រប់គ្រង ការចេញ​ចូលក្នុង​អគារ​ក្រុមហ៊ុន LONG BAY គឺ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ឯកជន របស់​ក្រុមហ៊ុន និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​តែប៉ុណ្ណោះ ក្រោយមក​ដោយសារ​កម្លាំង​សន្តិសុខ​មិន​គ្រប់គ្រាន់ ទើប​គណៈបញ្ជាការ​ឯកភាព​ខេត្តកោះកុង សម្រេច​ប្រើប្រាស់​កងកម្លាំង​សមត្ថកិច្ច​ខេត្ត ក្នុង​ការជួយ​ធ្វើ​អន្តរាគមន៍​បន្ថែម ខណៈ​ក្រុម​ជនជាតិ​មួយចំនួនធំ​មិន​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​៕