សេដ្ឋកិច្ច

បន្លែត្រីសាច់កំពុងឡើងថ្លៃនៅអំឡុងពេលមានការបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញ និងក្នុងងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

នៅប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា តម្លៃសាច់គោ សាច់ជ្រូ ត្រីសាច់ បន្លែបង្ការផ្សេងៗ លក់នៅលើទីផ្សារមាន ការឡើងថ្លៃគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញ ដើម្បីស្តុកទុក នៅអំឡុងពេលដែលមានការបិទខ្ទប់តំបន់មួយចំនួននៅក្នុងរាជាធានីភ្នំពេញ ព្រោះតែមានការរីករាលដាលខ្លាំង ប៉ុន្ដែ បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងថា តម្លៃសត្វរស់នៅតាមកសិដ្ឋាន និងកន្លែងកាប់សាច់(កុងស៊ី) មិនមានការឡើងថ្លៃនោះទេ។

លោក ឈ​ន សុ​ដា អាជីវករ​អ្នកលក់​សាច់​ជ្រូក​នៅ​ផ្សារ​បុរី​ពិភព​ថ្មី​កំពូល​ពីរ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌សារព័ត៌ឲ្យដឹងថា តម្លៃ​សាច់​ជ្រូក​ពិតជា​មានការ​ឡើងថ្លៃ​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ដោយសាច់​ជ្រូក​១​គីឡូ ក្រាម​លក់​ចេញ​ចន្លោះ​ពី ២៥.០០០​រៀល​ទៅ ២៧.០០០​រៀល​ក្នុង​១​គីឡូក្រាម កើនឡើង​ពី​១.០០០ ទៅ​៣.០០០ រៀល បើ​ធៀប​នឹង​តម្លៃ​កាលពី​ពេល​កន្លង​ទៅ ដែល​លក់​ចេញ​១​គីឡូ ក្រាម​តម្លៃ​ក្នុង​រង្វង់​២៤.០០០​រៀល​ប៉ុណ្ណោះ​។

លោក​កត់សម្គាល់​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាច់​ជ្រូក​ឡើងថ្លៃ​ខ្លាំង​ដោយសារ​មាន​កំណើន​យ៉ាង​គំហុក​នូវ​ចំនួន​អ្នកទិញ​ក្នុង​រយៈ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន ដែល​មានការ​ឆ្លង​កូ​វី​ដ​-១៩ ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​។ មួយវិញទៀត ដោយសារ​វា​កៀក​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ផង​។

មិនមែន​មាន​តែ​ត្រី​សាច់​គោ​ជ្រូក​មាន់​ទា​នោះ​ទេ ដែល​ឡើងថ្លៃ សូ​ម្បី​បន្លែ​ក៏​ឡើងថ្លៃ​ដែរ​។ បើ​តាម​លោក រិ​ទ្ធ អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​បុរី​ពិភព​ថ្មី​កំពូល​ពីរ​បាន​អះអាង​ថា តម្លៃ​បន្លែ​មានការ​ឡើងថ្លៃ​ចន្លោះ​ពី​៥០០​រៀល ទៅ​១.០០០​រៀល​ក្នុង​១​គីឡូក្រាម តាម​ប្រភេទ​បន្លែ​នីមួយ​ៗ​។ លោក បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​បន្លែ​លក់​នៅ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ ដោយសារ​អ្នក​បោះ​ដុំ​បន្លែ​នៅ​ផ្សារ​ដើម​គរ​លក់​ឲ្យ​លោក​ឡើងថ្លៃ​ដែរ​។

ជាមួយ​គ្នា​នេះ លោកស្រី សុខ សុ​ម៉ា​លី ពលរដ្ឋ​ម្នាក់​រស់នៅ​បុរី​ញូ​ថោ​ន​អូ​ដឹ​ម បាន​និយាយ​ថា តម្លៃ​សាច់​ជ្រូក​លក់​នៅ​ផ្សារ​ជម្ពូ​វ័ន​បាន​ឡើងថ្លៃ​ចន្លោះ​ពី​២.០០០​រៀល​ទៅ​៣.០០០​រៀល​តាម​ប្រភេទ​សាច់ ខណៈ​បន្លែ​ដែល​លោកស្រី​ធ្លាប់​ទិញ​១​គីឡូក្រាម​១.០០០​រៀល​បាន​ឡើង​១.៥០០​រៀល​ទៅ ២.០០០​រៀល ឯណោះ​ក្នុង​១​គីឡូក្រាម​។

ទោះ​យ៉ាងណា លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡេ​ក្រាម​ថា តម្លៃ​សត្វ​រស់​រួម​មាន​ត្រី មាន់ ជ្រូក និង​គោ​នៅ​តាម​កសិដ្ឋាន និង​កន្លែង​ចិញ្ចឹមសត្វ​ទូ​ទាំង​ប្រទេស​មិន​មានការ​ឡើងថ្លៃ​នោះ​ទេ​។ លោក កត់សម្គាល់​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ត្រី​សាច់​នៅ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ គឺ​ដោយសារ​ឈ្មួញកណ្តាល​ដំឡើង​ថ្លៃ ឬ​អាច​អាជីវករ​ដំឡើង​ថ្លៃ​ខ្លួនឯង ដោយសារ​ឃើញ​អ្នកទិញ​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ច្រើន​ពេក​។

ជិត​រយៈពេល​ពីរ​ខែ​ហើយ ដែល​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សហគមន៍ ២០ កុម្ភៈ បន្ត​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់ និង​ការ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​នេះ​។ ក្រៅពី​ដាក់​បម្រាម​គោចរ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ព្រឹក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ចំនួន​៣​រួម​មាន​ខណ្ឌ​សែន​សុខ ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​។ ក្រៅ​តែ​ពី​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ហើយ​នោះ គេ​សង្កេត​ឃើញ​ថា ផ្សារ​ធំ​ៗ​ចំនួន​ពីរ នៅ​រាជធានី​ភ្នំ គឺ​ផ្សារ​អូ​ឫស្សី និង​ផ្សារ​ចាស់ ក៏​ត្រូវ​ទើបត្រូវ​បាន​បិទ​បណ្ដោះអាសន្ន​ផង​ដែរ ដោយសារ​តែ​រក​ឃើញ​ករណី​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ នៅ​ក្នុង​ផ្សារ​ទាំង​ពីរ​នេះ​៕