សង្គម

សមាជិក​សហភាពអឺរ៉ុប​ឈ្លោះ បែកបាក់គ្នា ដោយសារ​រឿង​ចែកវ៉ាក់សាំង Pfizer-BioNTech

​នៅ​សហភាពអឺរ៉ុប ​ប្រទេស​សមាជិក​ទាំង ២៧ ត្រូវ​ជជែក គ្នា ២ថ្ងៃ ដើម្បីបែងចែក វ៉ាក់សាំង ចំនួន​១០លានដូស របស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer-BioNTech។ ការទាមទារ​ បែងចែក​ឲ្យ​ស្មើភាពគ្នា ​បាន​បង្ក​ឲ្យ​មាន​ ការខ្វែង​គំនិត​គ្នា​ ក្នុងចំណោម​ប្រទេស​សមាជិកអឺរ៉ុប នៅថ្ងៃ​សុក្រទី​២​មេសា។ អូទ្រីស សាធារណរដ្ឋឆែក និង​ស្លូវ៉េនី ប្រទេសអឺរ៉ុប​បី ដែល​បានចេញមុខ ​បដិសេធ​មិនព្រម ​ចែករំលែក​វ៉ាក់សាំង​របស់ខ្លួន ជាមួយ​ប្រទេស​អឺរ៉ុប​ដែល​កំពុង​ខ្វះ ជួប​ការលំបាកខ្លាំង ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នោះទេ។

សាធារណរដ្ឋឆែក​លើកឡើងថា កាយវិការ​សាមគ្គីភាព​របស់​អឺរ៉ុប​ធ្វើ​ឲ្យ​សាធារណរដ្ឋ​ឆែក ខាតបង់ វ៉ាក់សាំង បង្ការជំងឺកូវីដ ១៤៣ ០០០ដូស ចំណែក អធិការបតី​អូទ្រីស បាននិយាយ​សរសើរ​ខ្លួនឯង​ថា ដោយសារ​តែ ជំហររឹងមាំ​របស់រដ្ឋាភិបាល​របស់លោក អូទ្រីស​នៅរក្សា​វ៉ាក់សាំង ចំនួន ១៩៩ ០០០​ដូស ដែលខ្លួន​ត្រូវ​ទទួល​បាន តាំង​ពីដំបូងទី ពោល​គឺ​មិនបាន​បាត់បង់ ៦ម៉ឺនដូស ដោយសារ​ផែនការ​សាមគ្គី​របស់​អឺរ៉ុប​នោះទេ។

និយាយ​ដោយ​មិនបញ្ចេញឈ្មោះ មន្រ្តីទូត​អឺរ៉ុប​ម្នាក់ បាន​រិះគន់ ប្រទេស​អឺរ៉ុប​ទាំងបី ថា ខ្វះសាមគ្គីភាព និង​បាន​បែរខ្នង បោះបង់ចោល ហុងគ្រី ក្រូអាស៊ី អេស្តូនី ឡេតូនី និង ស្លូវ៉ាគី។ នៅថ្ងៃ​សុក្រ ទី ២​មេសា នៅពេល អូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក ទទួលបាន​ចំណែកវ៉ាក់សាំង គ្រប់ចំនួន ប្រទេស​អឺរ៉ុប​ចំនួន ១៩ ដែល​បង្ហាញ​សាមគ្គីភាព​ជាមួយ ប្រទេស ទាំង៥ ​សុខចិត្ត​ទទួល​វ៉ាក់សាំងតិចជាង មុន ដោយ​ត្រូវ​បែងចែក​រវាង​គ្នា នូវ​វ៉ាក់សាំង​ជាង ៦លាន ៦សែនដូស។ សម្រាប់សហភាព​អឺរ៉ុប ប្រទេស​អឺរ៉ុប​ទាំង ៥ប៊ុលហ្ការី ក្រូអាស៊ី អេស្តូនី ឡេតូនី និង​ស្លូវ៉ាគី​ដែល​កំពុង​ជួបការលំបាក ក្នុង​ការចាក់វ៉ាក់សាំង​ឲ្យប្រជាជន​របស់ខ្លួន ត្រូវ​ទទួល​ចំណែក​វ៉ាក់សាំង​របស់ខ្លួន ពី​ចំនួន ១០លាន​ដូស ហើយ​និង​ត្រូវបែងចែក​គ្នា នូវ​វ៉ាក់សាំង ជិត ៣លាន​ដូស​ផ្សេងទៀត៕