សង្គម

អាជ្ញាធរសុខាភិបាលអាមេរិក ស្នើឱ្យផ្អាកចាក់វ៉ាក់សាំង Johnson & Johnson ដោយបារម្ភពីកំណកឈាម

អាជ្ញាធរសុខាភិបាលអាមេរិក នៅថ្ងៃទី១៣ ខែមេសា បានស្នើឱ្យផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ Johnson & Johnson ដោយបារម្ភពីកំណកឈាម។ ក្នុងសេចក្ដីប្រកាសរួម មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថ (FDA) បញ្ជាក់ថា ការផ្ដល់ណែនាំឱ្យផ្អាកនេះ ជាការប្រុងប្រយ័ត្ន ក្រោយការរកឃើញករណីកំណកឈាមដ៏កម្រ។ Johnson & Johnson បានផ្អាកបញ្ចេញវ៉ាក់សាំងនៅអឺរ៉ុប ខណៈអាហ្វ្រិកខាងត្បូង ក៏សម្រេចចិត្តផ្អាកចាក់វ៉ាក់សាំងនេះដែរ។

ខណៈករណីកំណកឈាមដែលកើតឡើងក្រោយចាក់វ៉ាក់សាំង AstraZeneca មិនទាន់បញ្ចប់ផងនោះ ករណីកំណកឈាមស្រដៀងគ្នានេះ ក៏កើតមានលើអ្នកទទួលបានវ៉ាក់សាំងចាក់មួយដូសរបស់ Johnson & Johnson (J&J) នៅអាមេរិក។ ការរកឃើញ ទំនងជាប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការរាលដាលជំងឺកូវីដ-១៩ ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថ (FDA) បានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានផ្ដល់អនុសាសន៍ឱ្យផ្អាកចាក់វ៉ាក់សាំងរបស់ J&J សិន ខណៈការវាយតម្លៃកំពុងធ្វើឡើងលើករណីកំណកឈាមចំនួន៦នាក់។ ទាំង៦ករណី សុទ្ធតែជាស្ត្រីវ័យពី១៨ឆ្នាំដល់៤៨ឆ្នាំ ហើយកើតមានចន្លោះពី៦ថ្ងៃទៅ១៤ថ្ងៃក្រោយការចាក់វ៉ាក់សាំង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ម្នាក់បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

គិតត្រឹមថ្ងទី១២ ខែមេសា អាមេរិកចាក់វ៉ាក់សាំងរបស់ J&J ច្រើនជាង៦,៨លានដូសហើយ។ នេះបានន័យថា កំណកឈាមនេះជារឿងកម្របំផុតក្នុងចំណោមអ្នកទទួលបានវ៉ាក់សាំង ពោល គឺមួយក្នុងចំណោមមួយលាននាក់។ ទាំង CDC ទាំង FDA នឹងបើកការស៊ើបអង្កេតរៀងៗខ្លួន មុនផ្ដល់អនុសាសន៍បន្ថែម។ ការបញ្ឈប់ការចាក់វ៉ាក់សាំង J&J ទាំងស្រុង ឬការកំណត់ក្រុមអាយុដែលអាចទទួលបានវ៉ាក់សាំងនេះ ទំនងជាត្រូវសម្រេចចិត្តនៅពេលខ្លីខាងមុខ។

ភ្លាមៗ ក្រុមហ៊ុន Johnson & Johnson ក៏សម្រេចចិត្តផ្អាកការបញ្ចេញវ៉ាក់សាំងនៅអឺរ៉ុប និងកំពុងជជែកជាមួយអាជ្ញាធរសុខាភិបាលអឺរ៉ុបលើរឿងនេះ។ ក្រុមហ៊ុនអះអាងថា ខ្លួនធ្វើការជិតស្និទ្ធជាមួយអ្នកជំនាញវេជ្ជសាស្រ្ត និងអាជ្ញាធរសុខាភិបាល ហើយគាំទ្រការបើកចំហព័ត៌មាននេះផងដែរ។

អាហ្វ្រិកខាងត្បូងឯណោះវិញ ក៏ប្រកាសផ្អាកការចាក់វ៉ាក់សាំងនេះក្នុងស្រុកផងដែរ។ J&J ជាវ៉ាក់សាំងតែមួយគត់ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសអាហ្វ្រិកដែលរងគ្រោះខ្លាំងជាងគេ។ រដ្ឋមន្រ្តីសុខាភិបាលអាហ្វ្រិកខាងត្បូង Zweli Mkhize បញ្ជាក់ថា ការផ្អាកនេះ នឹងធ្វើឡើងរហូតដល់បញ្ហាកំណកឈាមត្រូវបានស៊ើបអង្កេតរួចរាល់៕