សង្គម

ឥណ្ឌូណេស៊ី និង​ទីម័រ​ខាង​កើត រង​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ ស្លាប់​ជា​ច្រើន​សិប​នាក់

  1. មាន​អ្នកស្លាប់​យ៉ាង​ហោចណាស់​៩០​នាក់​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត នៅក្នុង​គ្រោះ​ទឹក​ជំនន់​និ​ងការ​ហូរ​បាក់​ដី នៅ​​ឥណ្ឌូណេស៊ី និង​ទីម័រ​ខាង​កើត។ ភូមិឋាន​ជា​ច្រើន​ត្រូវលិច​លង់​និង​ហិនហោច។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ចន្ទទី ៥​មេសា២០២១។

តាំង​ពី​តំបន់​កោះ​ហ្វ័រ៉េស របស់​ឥណ្ឌូណេស៊ី​ រហូត​ដល់​​ទីម័រ​ខាងកើត ​ទឹក​ភ្លៀងបាន​​ធ្លាក់ដូច​គេ​ចាក់​ទឹក ជាហេតុ​ធ្វើ​​ឱ្យ​ទន្លេស្ទឹង​បឹងបួរ​​ជន់​​ឡើង​យ៉ាង​លឿន​រហ័ស​ ​ក្លាយ​ជាទឹក​ជំនន់​ ជន់​លិច និងការ​​​ហូរ​បាក់​ដី យ៉ាង​ទាន់​ហន់។ ​​ផ្ទះ​សម្បែង​ជា​ច្រើន​ពាន់​ខ្នងត្រូវ​កប់​ដោយ​ទឹក​ភក់ ឬ​ប៉ើង​ដល់​ឆ្នេរ​សមុទ្ទ។ ផ្លូវ​ថ្នល់​ស្ពាន ត្រូវ​កាត់​ផ្តាច់​ ឬ​កប់ភក់ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវ​ប្រើយានយន្ត​​គ្រឿង​ចក្រធំៗ​​​ចូក​ស្តារ​ភ្ជាប់​ផ្លូវ​ឡើង​វិញ និង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​សង្គ្រោះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង។ ចំនួន​អ្នក​ស្លាប់​និង​បាត់​ខ្លួន​កើន​ឡើង​ជា​លំដាប់។

នៅ​ទីម័រ​ខាង​កើត​ ​ជន​រងគ្រោះ​ស្លាប់​បាត់​ជីវិត​ច្រើន​ជា​អ្នក​រស់​នៅ​ក្នុង​រដ្ឋធានី ឌីលី។ ចំណែក​នៅ​កោះ​ហ្វ័ររ៉េស​ឥណ្ឌូណេស៊ី​វិញ​ អាកាសធាតុ​នៅ​មិន​ទាន់​អំណោយផល​ ទឹក​ភ្លៀង​បន្ត​ធ្លាក់​ ជា​ហេតុ​ធ្វើ​ការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​ឬ​អ្នក​រងគ្រោះ​ប្រព្រឹត្តទៅយ៉ាងលំបាក​ក្រៃ។ ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​​ជម្លៀស​ខ្លួន​ទៅ​ជ្រក​នៅ​តាម​មណ្ឌល​សង្គ្រោះ​ ខ្លះ​ទៀត​កំពុង​ជាប់​កុន​នៅក្នុង​ផ្ទះ​ខ្លួនឯង។ នេះ​បើ​តាម​ភ្នាក់​ងារ​គ្រប់​គ្រងគ្រោះមហន្តរាយ ដែល​បាន​អះអាងថា​​​មាន​ជន​រងគ្រោះជា​កំពុង​ជាប់​កុន​ក្នុង​ភក់​ តែ​គេ​នៅ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​​​ប៉ុន្មាននាក់។​

នៅ​ចំពោះ​មុខ​គ្រោះ​មហន្តរាយទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាន​ថ្លែងសារជាតិ​​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​ដែល​មាន​សមាជិក​បាត់​បង់​​ជីវិត។

គ្រោះ​ទឹក​ជំនន់​និ​ងការ​ហូរ​បាក់​ដី នៅ​តំបន់​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី តែង​កើត​ឡើង​ជា​ញឹកញយ​ ជា​ពិសេស​នៅ​រដូវ​វស្សា​។ បើតាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ព្យាករ​ថា​ មាន​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ១២៥​លាននាក់ ពោល​គឺ​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប​ រស់​នៅ​ក្នុង​តំបន់មាន​ហានិភ័យ​បាក់ដី។ ​ប៉ុន្តែសម្រាប់​​អ្នក​ការពារ​បរិស្ថាន​ ការ​កាប់​ព្រៃឈើ​ជា​ដើម​ហេតុ​ធ្វើ​ឥណ្ឌូណេស៊ី​កាន់​តែងាយ​ជួប​គ្រោះ​មហន្តរាយបែប​​​នេះ​​ថែម​ទៀត។ កាលពី​ខែ​មករា ២០២១ មាន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រមាណ​៤០​នាក់​បាន​បាត់​បង់​ជីវិត​រួច​ទៅ​ហើយ​នៅក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ក្រុង​ ស៊ុមេដាង ខាង​លិច​កោះ​ជ្វារ (Java)៕(ដកស្រង់ទាំងស្រុងពីវិទ្យុបារាំង)