សេដ្ឋកិច្ច

ក្រសួងរ៉ែនិងថាមពល៖ ទិន្នផលប្រេងឆៅនៅកម្ពុជាត្រូវបានស្តុកទុក និងកំពុងស្វែងរកទីផ្សារនាំចេញ

រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុមហ៊ុន​រុករក​ប្រេង​របស់​សិង្ហបុរី​ «KrisEnergy» ​កំពុង​ស្វែងរក​ទី​ផ្សារ​នាំ​ចេញ​ប្រេង​ដែល​ផលិត​បាន​ដំបូង​​នៅក្នុង​ប្លុក​A ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ខណៈ​ទិន្នផល​បូម​ប្រេង​ដំណាក់​កាល​ដំបូង​នោះ​ មិនអាច​ហុច​ផល​ដូច​ការ​រំពឹង​ទុក​។ បើ​ទោះ​ជា​បែប​នេះ​ក្តី​ ក្រុមហ៊ុន​បូមប្រេង​មួយ​នេះ​ នៅតែ​បន្ត​ប្រតិបត្តិ​ការ​ខ្លួន​នៅ​ឡើយ​។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ ក្រសួង​រ៉ែ​ និង​ថាមពល តាមរយៈ​វិទ្យុបារាំង​ នា​ថ្ងៃទី​១៥​ឧសភា​នេះ​។

លោក​ ជៀប សួរ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ ក្រសួង​រ៉ែ​ និង​ថាមពល បានគូសបញ្ជាក់ថា កម្ពុជា ​និងក្រុមហ៊ុន​រុករកប្រេងសិង្ហបុរី «KrisEnergy« កំពុងធ្វើការជាមួយគ្នាយ៉ាងសកម្មក្នុងការរកទីផ្សារលក់ប្រេងដែលផលិតបាននៅកម្ពុជា​។ ប្រេងឆៅដែលផលិតបាន​ក្នុងដំណាក់ទី១នោះ ត្រូវបានក្រុមហ៊ុនខាងលើកំពុងស្តុកទុកនៅ​លើកាប៉ាល់ ក្នុងការដ្ឋាន​បូមប្រេងនោះតែម្តង​។

ក្រុមហ៊ុន «Kris Energy» បានបង្ហាញ​ទិន្នផលប្រេងដំបូងរបស់កម្ពុជាចេញពីអណ្តូងប្រេង​ទាំង៥ ដែលបានដំណើររួច ដោយ​គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។

នៅចំពោះមុខនៃ​​ទិន្នផល​បូម​ប្រេងទាប​ជាង​ផែនការនេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងទៀតថា ក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុន ក៏កំពុងតែចាត់ចែងរៀបចំផែនការបន្ត សម្រាប់ជំហានបន្តទៀត ដើម្បីអភិវឌ្ឍធនធាននៅតំបន់ប្លុក A ដែលក្រុមហ៊ុនកំពុងដំណើរការបូម។

គួរជ្រាបដែរថា កាលពីថ្ងៃទី​២៨មេសាកន្លងទៅ ក្រុមហ៊ុន «KrisEnergy» បាន​ចេញ​សេចក្តីប្រកាស​មួយ​ បន្ទាប់ពី​ខ្លួន​ ក្រោមជំនួយរបស់​ក្រុមហ៊ុនហូឡង់ «Sewell & Associates, Inc. (“NSAI”)​» បានធ្វើ​ការវិភាគ​ទៅលើ​ទិន្នផល​អណ្តូង​ទាំង ៥នោះ​ឡើងវិញ។ តាមរយៈការវិភាគនោះ បាន​បង្ហាញថា ប្រតិបត្តិការបូមប្រេង​នៅតំបន់អប្សរា ហាក់មិនអាចផ្តល់​ទិន្នផលច្រើនដូចការរំពឹងទុកនោះទេ មូលហេតុចម្បងនោះគឺ មកពី​លាក់ខណ្ឌនៃតំបន់​ភូមិសាស្ត្រក្នុងដែនដីក្រោមសមុទ្រកម្ពុជាដែលមានលក្ខណៈស្មុគ្រស្មាញ​ខ្លាំង​។

សូមជ្រាបថា រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy តាំងពីឆ្នាំ២០១៧។ ដោយក្រុមហ៊ុនមួយនេះ គ្រោងអភិវឌ្ឍន៍ការ​បូមប្រេងឆៅ​ជា ៣ដំណាក់កាល ដោយដំណាក់កាលទី​១​ផ្តើម​នៅ​តំបន់អប្សារា ដែលមាន​អណ្តូងសរុប​៨៥ ក៏ប៉ុន្តែ​​ ក្រុមហ៊ុនបានយក​ដំណក់ប្រេងដំបូងទៅ​លើអណ្តូងចំនួន​៥ ជាការចាប់ផ្តើមដំបូងសិន។

បើតាម​ក្រុមហ៊ុនផលិតប្រេង ការហុចអោយទិន្នផលទាបជាងក្តីរំពឹងខ្លាំង បានជះឥទ្ធពល​ដល់ការរកបានចំណូលពីប្លុក A ដំណាក់កាលទី ១ ទោះបីជាមានសញ្ញាងើបឡើងវិញនៃតម្លៃប្រេងជាសកល បន្ទាប់ពីធ្លាក់ចុះយ៉ាងដំណំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩តាំងពីឆ្នាំ ២០២០ កន្លងមកនេះ។ លើសពីនេះទៀ​ត​ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលថែមទៀតផងដែរ​៕(ដកស្រង់ទាំងស្រុងពីវិទ្យុបារាំងអន្តរជាតិ)