សង្គម

មេឈ្មួញឈ្មោះ គ្រី យ៉ា ទទួលអំណាចកាប់បំផ្លាញព្រៃឈើអភិរក្សក្នងដែនជំរកសត្វកែវសីមា ពីមន្ត្រីថ្នាក់ណា? ទើបសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប

ខេត្តមណ្ឌលគិរីៈ មេឈ្មួញរកសុីឈើខុសច្បាប់ដ៏ល្បីល្បាញម្នាក់ប្រចាំស្រុកកែវសីមាខេត្ត មណ្ឌលគិរីឈ្មោះ គ្រី យ៉ា ហៅយ៉ា ដែលជាឧក្រិដ្ឋជនព្រៃឈើធ្លាប់ត្រូវបានតុលាការខេត្តក្រចេះចេញដីការតាមចាប់ខ្លួននោះ បច្ចុប្បន្នកំពុងមានអំណាចពេញទី ក្នុងការកាប់បំផ្លាញព្រៃឈើក្នុងដែនអភិរក្សជំរកសត្វកែវសីមា ដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធណាមួយក្នុងខេត្តមណ្ឌលគិរី ចេញមុខបង្ក្រាបឡើយ ជាពិសេសមន្ត្រីអនុក្សបរិស្ថានដែលមានស្នាក់ការការពារស្អេកស្កះពេញព្រៃអភិរក្ស ដែលជាមន្រ្តីជំនាញដើមទីតែម្តង ធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ថា តើបុគ្គលរូបនេះទទួលសិទ្ធិកាប់បំផ្លាញ និងដឹកជញ្ជូនឈើពីមន្ត្រីថ្នាក់ណាទៅ?

ជាក់ស្តែង គំនរឈើកែច្នៃខុសច្បាប់ប្រភេទស្រឡៅប្រមាណជាង២០ម៉ែត្រគូប នៅក្នុងភូមិប៉ោចេក ឃុំស្រែឈូក ស្រុកកែវសីមា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលវេលាម៉ោង៣ និងបានរាយការណ៍ជូនមន្ត្រីអាវុធហត្ថជាតិ មេបញ្ជាការទិសភូមិភាគឦសានទទួលបន្ទុកទប់ស្កាត់ និងបង្រាបទល្មើសព្រៃឈើ និងមេបញ្ជាការអាវុធហត្ថស្រុកកែវសីមា ដើម្បីសហការបង្ក្រាប។ ផ្ទុយទៅវិញប្រជាពលរដ្ឋរង់កម្លាំងសមត្ថកិច្ចអស់ពេលអស់៤ម៉ោង បានត្រឹមតែការឆ្លើយតបពីកម្លាំងអាវុធហត្ថស្រុកកែវសីមា ថាម្តងកម្លាំងទៅដល់នេះ ម្តងថាដល់នោះ ហើយឲ្យរង់ចាំសិនទៅ ឯមេបញ្ជាការអាវុធហត្ថជាតិទទួលទិស បែរទូរស័ព្ទខលលែងចូល ចុងបញ្ចប់ឈើខុសច្បាប់ទាំងនោះត្រូវបានមេឈ្មួញឈើខុសច្បាប់ដ៏មានអំណាចឈ្មោះ គ្រី យ៉ា ឲ្យកម្មករខ្លួនដឹកជញ្ជូនឈើចេញ យកទៅលាក់ទុកនៅទីតាំងផ្សេងអស់។

ទង្វើខ្វះការទួលខុសត្រូវរបស់មន្ត្រីអាវុហត្ថស្រុកកែវសីមាក្នុងតួនាទីខ្លួនបែបនេះ ត្រូវរង់ការរិះគន់ថាទំនងជាការបន្លាយពេលវេលាក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើយ៉ាងច្បាស់ក្រឡែត ដែលជាការទុកពេលវេលាឱ្យមេឈ្មួញរកសុីឈើមានឱកាសដឹកយកវត្ថុតាងជំលៀសចេញបំបាត់ភស្តុតាងស្រស់ៗតែម្តង ខណៈតំបន់នោះគ្មានសុវត្ថិភាពដល់អ្នករាយការណ៍ព័ត៌មាន ឲ្យឈរជើងយូររង់ចាំកម្លាំងសមត្ថកិច្ចមកសហការឡើយ ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែឈូករាយការណ៍ឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញឈ្មោះគ្រី យ៉ា មានអំណាចខ្លាំងណាស់ក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ចេញក្នងដែនជំរកសត្វកែវសីមា ដោយប្រើប្រាស់រថយន្តកែច្នៃចំនួ៣គ្រឿង យកមកលក់ឲ្យឈ្មួញឈើផ្សេងទៀត នៅព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ មានទាំងប្រភេទឈើដុំ និងឈើកែច្នៃដូចជាឈើប្រណីត ឈើស្រឡៅ សុក្រំ ផ្ចឹក គគី និងឈើប្រភេទ លេខ១និងលេ២។ក្រៅពីនោះឈ្មោះ គ្រី យ៉ា នេះមានអំណាចក្នុងការកាប់ទន្ទ្រានដីព្រៃដែនជំរកសត្វកែវសីមារាប់សិបហិកតាយកធ្វើកម្មសិទ្ធិ ដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីមូលដ្ឋាន ជាពិសេសមន្ត្រីអនុរក្សបរិស្ថានដែនជំរកសត្វកែវសីមា ដែលជាមន្ត្រីជំនាញដើមទី ទទួលអំណាចពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឲ្យការពារនិងអភិរក្សព្រៃឈើ បែរជាសម្ងំស្ងៀមឲ្យបុគ្គលឈ្មោះ គ្រី យ៉ា មានអំណាចកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើកាត់មុខស្នាក់ការការពារបរិស្ថាន ដោយរលូនយ៉ាងសកម្មរៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋក្នុងឃុំស្រែឈូកសំណូមពរដល់លោកស្វាយ សំ អ៊ាង អភិបាលខេត្តមណ្ឌលគិរី នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្រ្កាបបទល្ម់ើសព្រៃឈើ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តសួងបរិស្ថាន គួរបើកការស្រាវលើឈ្មោះ គ្រី យ៉ា មេឈ្មួញឈើខុសច្បាប់ដ៏មានឥទ្ធិពលបច្ចុប្បន្នរស់នៅក្នុងភូមិប៉ោចេក ឃុំស្រែឈូក ស្រុកកែវសីមានេះផង ថាតើហេតុអ្វីក៏បុគ្គលរូបនេះមានអំណាចក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើតាមរថយន្តកែច្នៃចំនួន៣គ្រឿយ៉ាងសកម្មរៀងរាល់ថ្ងៃ ចេញពីដែនជំរកសត្វកែវសីមា ដោយគ្មានការបង្ក្រាបបែបនេះ ខណៈមន្ត្រីជំនាញពាក់ព័ន្ធ ឈរជើងចាំបង្ក្រាបជាច្រើនទីតាំងតាមដងផ្លូវនោះ?៕