សង្គម

រដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទូទាំងប្រទេស ជាមួយប្រជាពលរដ្ឋគោលដៅ១០លាននាក់

ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញផ្សព្វផ្សាយជាសាធារណៈ នូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាផែនទីចង្អុលផ្លូវ បម្រើដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក។

ការរៀបចំផែនការមេចាក់វ៉ាក់សាំងនេះត្រូវបានបង្ហាញនាព្រឹកថ្ងៃទី៧ ឧសភានេះ ដែលផែនការនេះ មានគោលបំណងការពារប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ១៩ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវការឈឺសម្រាកពេទ្យ និងស្លាប់ ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច។

ក្នុងបុព្វកថានៃផែនការមេកម្រាស់២៦ទំព័រនេះ លោកស្រីឱ វណ្ឌឌីន រដ្ឋលេខាធិកា​រក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបានគូសរំលេចថា “ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស” នេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមនូវគោលការណ៍ នីតិវិធីយុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទាន់ពេលវេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកស្រីបន្តថា “ផែនការមេនេះត្រូវបានរៀបចំឡើង ដោយផ្អែកមូលដ្ឋានគ្រឹះនៃ “ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩” ដែលក្រសួងសុខាភិបាលបានដាក់ចេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆតា ដែលបានកំណត់ នៅក្នុងផែនការមេសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាពលរដ្ឋគោលដៅឱ្យបាន ១០លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២២។

លោកស្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មនូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្សាភ្ជាប់ជាមួយការអនុវត្តវិធានការ “៣ កុំ និង ៣ ការពារ” និងការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ នឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងផែនការមេនេះ បានដាក់ចេញគោលដៅចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យបាន១០លាននាក់ ឬ៦២ភាគរយ នៃប្រជាពលរដ្ឋសរុប និងអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងកូវីដ១៩ លើសពី៩៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ បានចាក់វ៉ាក់សាំងនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២៕