សង្គម

លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក ត្រូវពលរដ្ឋចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ

ភ្នំពេញៈ ដីព្រៃលិចទឹកសម្រាប់ត្រីពងកូនរបស់រដ្ឋប្រមាណជាង៧០ហិកតា ស្ថិតនៅក្នុងបីឃុំ មានឃុំផ្ទះកណ្តាល ឃុំព្រែកដំបូក និងឃុំបារាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានលោកលោក យក់ ហុកស៊្រុន ដ៏មានអំណាចប្រើគ្រឿងចក្រឈូសឆាយយកធ្វើកម្មសិទ្ធិបានដោយរលូន បើទោះបីមានការហាមឃាត់ឲ្យផ្អាកការឈូសឆាយពីសំណាក់គណៈកម្មការ រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុមប្រឹក្សាឃុំព្រែកដំបូកហើយក៏ដោយ ដែលសកម្មដ៏គគ្លើនមហិមាមិនខ្លាចច្បាប់បែបនេះ ត្រូវបានពលរដ្ឋលើកឡើងច្បាស់ៗថា ដោយសារមានលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោកអធិការនគរបាលស្រុក ជាខ្នងបង្អែកដ៏រឹងមាំ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកដំបូកបានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទស្រដៀងៗគ្នាឲ្យដឹងថា ក្នុងចំណោមដីព្រៃលិចទឹកដែលលោក យក់ហុកស៊ុន ឈូសឆាយ ជាង៧០ហិកតានេះ គឺនៅចំណុច បាតអូរត្រគាត,គន្លង៥ដើម មាត់បឹងវាលត្របែក,មាត់បឹងត្រគាត ដែលដីទាំងអស់នេះមួយភាគធំជាដីព្រៃលិចទឹកដែលគ្រប់ដោយរដ្ឋ និងមួយចំនួនទៀតជាដីដែលគេប្រមូលទិញពីពលរដ្ឋប្រមាណជា៨គ្រួសារ និងបានឈូសឆាយប៉ះពាល់ដល់ដីស្រែពលរដ្ឋមួយចំនួន រហូតដល់មានការប្តឹងប្តល់ដល់រដ្ឋបាលខេត្តកំពង់ចាមទៀតផង។

ប្រជាពលរដ្ឋខាងលើបន្តថា គាត់អស់ជំនឿលើការដឹកនាំរបស់រដ្ឋបាលមូលដ្ឋានជាពិសេសរដ្ឋបាលស្រុកស្រីសន្ធរហើយ ដោយសារតែពួកគាត់ធ្លាប់បានប្តឹងទៅក្រុមប្រឹក្សាឃុំព្រែកដំបូងហើយ ប៉ុន្តែបានត្រឹមឃើញមន្ត្រីពាក់ព័ន្ធ និងលោកមេឃុំចុះទៅពិនិត្យ ធ្វើរបាយការណ៍ កត់ចំនួនគ្រឿងចក្រ និងហាមឃាត់ឲ្យផ្អាកការឈូសឆាយតែប៉ុណ្ណោះ ផ្ទុយទៅវិញគេនៅតែបន្តឈូសឆាយដោយមិនក្រែងច្បាប់ឡើយ។ការដែលលោក យក់ ហុកស៊ុន ហ៊ានធ្វើបែបនេះ គឺដោយសារមានខ្នងបង្អែកជាអភិបាល ស្រុក និងអធិការនគរបាលស្រុក ទើបគ្មានការបង្ក្រាប និងអនុវត្តន៍ច្បាប់ពីមន្ត្រីជំនាញណាមួយឡើយ មកទល់ពេលនេះ។

មន្រ្តីនគរបាលចំណុះឲ្យអធិការនគរបាលស្រុកស្រីសន្ធរមួយរូប ដែលដីស្រែគ្រួសាររបស់គាត់ត្រូវបានគេឈូសឆាយបំពានយកធ្វើកម្មសិទ្ធិដែរនោះ បានឲ្យដឹងថា លោកគ្មានជំនឿលើការដោះស្រាយរបស់អាជ្ញាធររដ្ឋបាលស្រុកស្រី សន្ធរឡើយ ទើបលោកសម្រេចចិត្តដាក់ ពាក្យប្តឹងទៅរដ្ឋបាលខេត្តកំពង់ចាមឲ្យជួយរកយុត្តិ ធម៌។ មន្ត្រីនគរបាលរូបនោះបន្តថា មុនប្តឹងទៅរដ្ឋបាលខេត្ត លោកបានស្កាត់ទៅជួបលោក យក់ ហុកស៊្រុន ដើម្បីសម្របសម្រួលទាមទារយកដីស្រែរបស់លោកវិញ ប៉ុន្តែត្រូវបានគាត់(លោក យក់ ហុកស៊្រុន និយាយថា ឲ្យតែដីស្រែណាដុះព្រៃ គឺគាត់មានសិទ្ធិឈូសឆាយយកទាំងអស់ ព្រោះជាដីរបស់រដ្ឋ និងជាបទ បញ្ជាថ្នាក់លើ ហើយបើចងបានដីស្រែវិញទាល់តែឲ្យថ្លៃឈូសឆាយ៣៥០០ដុល្លារទើបបាន)។

មន្ត្រីនគរបាលដដែលខាងលើ បានបន្ថែមថា ក្រោយពេលលោកដាក់ពាក់ប្តឹងទៅរដ្ឋបាលខេត្ត ស្រាប់តែលោក សុខ យ៉េន អធិការនគរ បាលស្រុកស្រីសន្ធរ បានហៅគាត់ទៅព្រមានថានឹងបណ្តេញលោកចេញពីក្របខណ្ឌមន្រ្តីនគរបាល ដោយចោទប្រកាន់ថា លោកទៅកាងដីឲ្យពលរដ្ឋ ទាំងខណៈដែលគ្រួសារគាត់ជាជន រងគ្រោះបាត់បង់ដីស្រែដែរនោះ។កន្លងមកលោកធ្លាប់យកគ្រឿងចក្រទៅឈូសឆាយសម្អាតដីស្រែរបស់ខ្លួន ប៉ុន្តែត្រូវបានរដ្ឋបាលស្រុកឲ្យមន្រ្តីទៅចាប់គ្រឿងចក្រ បើកុំតែបានអន្តរាគមន៍សម្របសម្រួលពីសាលាខេត្តកំពង់ចាម ទើបមានការដោះលែងគ្រឿងចក្រវិញ ប៉ុន្តែផ្ទុយទៅវិញបែរជាដីព្រៃលិចទឹករបស់រដ្ឋរាប់សិបហិកតា ត្រូវគេឈូសឆាយដោយគ្មានច្បាប់ ហើយក៏គ្មានការបង្ក្រាបពីរដ្ឋបាលស្រុកស្រីសន្ធរដែរ។

មេភូមិព្រែកដំបូកទទួលស្គាល់ថា ពិតមានការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋពិតមែន ប៉ុន្តែទំហំដីដែលបានឈូសឆាយនោះ មួយចំនួនជាដីរបស់រដ្ឋ និងមួយចំនួនជាដីស្រែរបស់ពលរដ្ឋដែលបានលក់ឲ្យឈ្មោះ ស៊្រុន រស់នៅ ឃុំបារាយណ៌។ កន្លងមកលោកក៏បានចុះទៅពិនិត្យជាមួយមន្ត្រីជំនាញ និងបានហាមឃាត់ឲ្យផ្អាកការឈូសឆាយបន្តម្តងហើយ ប៉ុន្តែគេមិនស្តាប់ ប្រហែលគេខ្នងធំណាស់ហើយមើលទៅ។

ដោយឡែកក្រុមប្រឹក្សាឃុំព្រែកដំបូកមួយរូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពិតជាមានការឈូសឆាយដីពៃលិចទឹករបស់រដ្ឋយកធ្វើកម្មសិទ្ធិដោយគ្មានច្បាប់មែន។ ត្រង់ថាមានទំហំប៉ុន្មាន លោកនៅមិនទាន់ដឹងទេ លុះត្រាតែមានការវាស់វែងទើបដឹងទំហំពិតប្រាកដ។កន្លងមករូបលោក និងមន្ត្រីជំនាញជលផល មន្រ្តីភូមិបាល បានចុះទៅពិនិត្យនិងបោះ បង្គោលព្រំដីរដ្ឋ ហើយបានឲ្យផ្អាកការឈូសឆាយបន្ត និងបានធ្វើរបាយការណ៍ជូនរដ្ឋបាលស្រុកស្រីសន្ធររួចហើយដែរ។ ប៉ុន្តែក្រោយមកគេ(លោក យក់ ហុកស៊្រុន)បែរជាបន្តឈូសឆាយព្រៃ កាយរណ្តៅបៀរធំៗជាច្រើនកន្លែង និងលើកទំនប់ក្រវ៉ាត់យកដីដែលបានឈូសឆាយព្រៃរួចទៀតផង។ក្រុមប្រឹក្សារូបនេះបន្តថា មិនដឹងថាមានមន្ត្រីថ្នាក់ណាហ៊ានចេញមុខមកបង្ក្រាប ការទន្ទ្រានដីព្រៃលិចទឹកដែលជាកម្មសិទ្ធិរបស់រដ្ឋសម្រាប់ទុកឲ្យត្រីពងកូននៅរដូវទឹកឡើងទេ ហើយបើនៅតែបែបនេះ ដីព្រៃលិចទឹកបឹងត្រគាតទាំងមូលនិងត្រូវវិនាសហិនហោចជាក់ជាមិនខាន។ជួសមុខឲ្យពលរដ្ឋឃុំព្រែកដំបូក លោកសំណូមពរដល់ឯកឧត្តម អ៊ុន ចិន្តា អភិបាលកំពង់ចាម មេត្តាបង្កើតគណៈកម្មការចុះមកពិនិត្យស្រាវជ្រាវ ដកហូតដីទាំងនេះរក្សាទុកជាសម្បត្តិសាធារណៈ ដើម្បីឲ្យពលរដ្ឋមានប្រភពទឹកសម្រាប់ស្រោចស្រព បង្កបង្កើនផល និងនេសាទជាលក្ខណៈគ្រួសារនៅរដូវទឹកឡើងដូចដើមវិញ។

ចំពោះការប្រើគ្រឿងចក្រឈូសឆាយដីព្រៃលិច ទឹកនៅចំណុចបឹងត្រគាត់យកធ្វើកម្មសិទ្ធិពីសំណាក់លោក យក់ ហុកស៊្រុន នេះ អភិបាលស្រុកស្រីសន្ធរ លោក សុីម គង់ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះយ៉ាងខ្លីថា លោកមិនបានដឹងរឿងនេះទេ និងបានបដិសេធន៍ចំពោះការលើកឡើងរបស់ពលរដ្ឋ ដែលថាលោកជាអ្នកនៅក្រោយខ្នង ក្នុងការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋយកធ្វើកម្មសិទ្ធិ ៕