សង្គម

កងទ័ព​ជើងទឹក​កម្ពុជា ថា​​វៀតណាម​ ចាក់​​រុក​អាមេរិក ឲ្យ​រក​រឿង​កម្ពុជា អំពី​​ជំនួយ​​ចិន នៅ​មូលដ្ឋាន​​​សមុទ្រ​រាម

ភ្នំពេញ — វៀតណាម​បាន​បង្ហាញ​ប្រតិកម្ម​ដោយ​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​វិវត្ត​ចុង​ក្រោយ​នៃ​តួនាទី​ចិន ​ក្នុង​ការ​ជួយ​ធ្វើ​ទំនើប​កម្ម និង​​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​របស់​កម្ពុជា រីឯមន្ត្រីជាន់​ខ្ពស់​មួយ​រូប ​នៃ​កងទ័ព​ជើង​ទឹក​ខ្មែរ​នៅទី​នោះ បាន​លើក​ឡើង​ថា​ ក្រុង​ហាណូយ ហាក់មាន​បំណង​រាំង​ស្កាត់​ការ​ពង្រីក​សមត្ថភាព​ និង​ធ្វើ​ទំនើបកម្ម​កងទ័ព​ជើង​ទឹក​កម្ពុជា។​

លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​ប្រកាស​ប្រាប់​បណ្ដាញ​សារព័ត៌មាន នា​ខែ​នេះ​ថា ចិន​កំពុង​ផ្ដល់​ជំនួយ​ក្នុង​ការ​កែលម្អ ​និង​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​កងទ័ព​ជើង​ទឹក នៅ​មូលដ្ឋាន​សមុទ្រ​រាម ​ក្នុង​ខេត្តព្រះ​សីហនុ​ របស់​កម្ពុជា។

ការ​ប្រកាស​នេះ​មាន​ឡើង​ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស​អស់​រយៈពេល​ជិត ​២ ឆ្នាំ​ចុង​ក្រោយ ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដែល​​ថា​ ការ​ជ្រៀត​ចូល​ពង្រីក​តួនាទី​របស់​ចិន​ នៅ​មូលដ្ឋាន​សមុទ្រ​រាម​ អាច​នឹង​បើកផ្លូវ​ឱ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន អាច​រក្សា​វត្តមាន និង​ប្រើប្រាស់​តំបន់​ផែ​យោធា​នេះ។​

កាសែត​ Viet Nam News (VNS) ​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម VNA-TTXVN កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ដកស្រង់សម្ដី អ្នកស្រី Le Thi Thu Hang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម ឆ្លើយ​សំណួរអ្នកសារព័ត៌មាន អំពី​ចម្លើយ​តប​​របស់​វៀតណាម​ទៅ​នឹង​ការ​វិវត្ត​ថ្មី​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ថា៖ «វៀតណាម​សង្ឃឹម​ថា ​ទំនាក់ទំនង​រវាង​ចិន ​និង​កម្ពុជា ​នឹង​ផ្ដល់​ជា​វិភាគ​ទាន​ដល់​ការ​រក្សា​ឱ្យ​បាននូវ​សន្ដិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​រូប​នេះ ​បាន​ថ្លែង​ថា ខ្លួន​ផ្ដល់​តម្លៃ​ដល់​ការ​រក្សា​ទំនាក់​ទំនង ល្អ​ជាមួយ​ទាំង​ចិន ជាមួយ​ទាំង​កម្ពុជា ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ ​VNS។

កងទ័ព​ជើងទឹក​វៀតណាម​ មាន​ទំនាក់​ទំនង​ស្និទ្ធ​នឹង​មូលដ្ឋាន​សមុទ្រ​រាម ដោយ​មាន​ការ​ល្បាត​រួមគ្នា ​លើ​ឈូង​សមុទ្រ​ថៃ ​រៀង​រាល់​ ៣ ​ខែ​ម្ដង ដែល​ការ​ល្បាត​វគ្គ​បន្ទាប់​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​នេះ​តែ​ម្ដង។ នេះ​បើ​តាម ឧត្ដម​នាវី​ទោ ម៉ី ឌីណា នាយ​សេនាធិការ​មូលដ្ឋាន​សមុទ្រ​រាម។

ឧត្ដមនាវីទោ​រូប​នេះ ​បាន​ប្រាប់​វីអូអេ​ (VOA) ថា ទោះ​បី​ទំនាក់​ទំនង​រវាង​កងទ័ព​ និង​កងទ័ព​មាន​សភាព​នឹងនរ​ធម្មតា ក៏​វៀត​ណាម​​កំពុង​«ឡប់ប៊ី (Lobby)»​ ឬ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក ឱ្យ​រារាំង​ការ​ពង្រីកសមត្ថភាព ​និង​ហេដ្ឋារចនាសម្ព័ន្ធ​កងទ័ព​ជើង​ទឹក​កម្ពុជា ព្រោះ​សមត្ថភាព​កាន់​តែ​ខ្លាំង​របស់​កម្ពុជា​ អាច​ប៉ះពាល់ ​ឬ​គំរាមកំហែង​ដល់​ការ «អភិវឌ្ឍ»​របស់​ខ្លួននៅ​តំបន់​កោះត្រល់ ឬ Phu Quoc ដែល​គ្រប់គ្រង​ដោយ​វៀតណាម។

{ឧត្តមនាវីទោ ម៉ី ឌីណា}៖ «ហើយ​អ្វី​ដែល​គាត់​និយាយ​ផ្នែក​នយោបាយ វៀតណាម​ និង​អាមេរិក​ហ្នឹង ​កំពុង​តែ​ឡប់ប៊ី​(បញ្ចុះ​បញ្ចូល)​​គ្នា ឡប់​ប៊ី​គ្នា​យ៉ាង​ម៉េច គាត់​​មិន​ចង់​ឱ្យ​កម្ពុជា​ហ្នឹង​មាន​អ្វី​មួយ​ទេ។ បាន​ន័យ​ថា ​កង​កម្លាំង​មិន​ឱ្យ​រីក​ទេ ដោយសារ​គាត់​កំពុង​តែ​អភិវឌ្ឍ​នៅ​តំបន់​កោះ​ត្រល់។ លោក​ប្អូន ​ក៏​ដឹង​ដែរ​ថា កោះ​ត្រល់​ ជា​កោះ​របស់​នរណា? ជា​កោះ​របស់​ខ្មែរពី​ដើម ​ដល់​ពេល​កងទ័ព​ជើង​ទឹក​យើង ​មិន​រីក​ចម្រើន ក៏​យើង​មាន​ការ​រសើប​ដែរ មិន​ចឹង?»

ឧត្ដម​នាវី​ទោ ម៉ី ឌីណា ពន្យល់​បន្ថែម​ថា៖ «ហើយ​អ៊ីចឹង ​គាត់​{វៀតណាម}​ចេះ​តែ​ចាក់​រុក​អាមេរិក ​ឱ្យ​មក​រក​រឿង​យើង​{កម្ពុជា}​ទៅ ព្រោះ​​ដឹង​ថា ​អាមេរិក ​និង​ចិន​ វា​អត់​ត្រូវ​គ្នា​ទេ ហើយ​វៀតណាម​នេះ​ គាត់​មាន​ភាព​រសើប។ អា​​នេះ​​ខ្ញុំ​មិន​ចង់​ចូល​ជ្រៅ​ទេ តែ​​មាន​ភាពរសើប​អំពី​បញ្ហា​​ចិន ហើយ​យើង​គិត​ថា​ ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ទោះ​ជា​យ៉ាង​ណា​ មិន​បំផ្លាញ​ជាតិខ្លួន​ឯង​ទេ គឺ​មិន​អាច​ឱ្យ​ជន​បរទេស ​ឬ​ក៏​កងទ័ព​បរទេស​ណា​ មក​តាំង​ទី​លំនៅ​លើ​ទឹកដី​កម្ពុជា​បាន​ទេ ហើយ​គាត់​មិន​យល់ បាន​ន័យ​ថា ​មាន​បំណង​រារាំង​កម្ពុជា ​មិន​ឱ្យ​មាន​ការ​អភិវឌ្ឍ មិន​ឱ្យ​មាន​ការទទួល​ជំនួយ​ពី​ចិន។ អា​នេះ​ជា​បំណង​របស់​គាត់ បើ​តាម​ដែល​ខ្ញុំ​ដឹង»

ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ មិន​ទាន់បានឆ្លើយ​តបនឹងសំណួររបស់​វីអូអេ សុំការ​បំភ្លឺ​តប​នឹងការ​លើកឡើងខាង​លើនៅ​ឡើយ​ទេ​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ កាសែត The Wall Street Journal បាន​ចុះ​ផ្សាយ​ថា កម្ពុជា​បាន​សម្រេច​«កិច្ច​ព្រម​ព្រៀង​សម្ងាត់»​មួយ​ក្នុង​​ការ​អនុញ្ញាត​ឱ្យ​ចិន ​ប្រើ​ប្រាស់​មូលដ្ឋាន​សមុទ្រ​រាម​បាន។ ប៉ុន្តែ ​ការ​លើកឡើង​នេះ ត្រូវ​បាន​ចិន ​និង​កម្ពុជា បដិសេធ​ដាច់​អហង្ការ​​ជាច្រើន​លើក​ច្រើន​សា។

ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​របស់ The Wall Street Journal បាន​មួយ​ថ្ងៃ លោក Nguyen Chi Vinh ​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម​នា​គ្រា​នោះ​ បាន​បង្ហាញ​វត្តមាន​ភ្លាម​ៗ ​នៅ​រាជធានី​ភ្នំពេញ និង​បាន​ជួប​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ផងដែរ ដើម្បី​​ជជែក​អំពី​ការវិវត្ត​«ថ្មី ​និង​រហ័ស»​ នៃ​ស្ថានការណ៍​តំបន់ ​និងសកលលោក ​ដែល​មាន​ឥទ្ធិពល​ដល់​ទំនាក់​ទំនង​ទ្វេភាគី»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​នា​គ្រា​នោះ របស់​ទូរទស្សន៍​កង​យោធពល​ខេមរភូមិន្ទ ​ប៉ុស្ដិ៍​លេខ​៥។​

ទើប​តែ​នៅ​ខែ​តុលា ឆ្នាំ​២០២០​ កន្លង​ទៅ មន្ត្រី​ជាន់ខ្ពស់​កងទ័ព​ជើងទឹក​កម្ពុជា បាន​បង្ហាញ​ជាលើក​ដំបូង​ថា ចិន​ពិត​ជា​កំពុង​ពិចារណា​ជួយ​សាងសង់​សំណង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ថ្មីៗ ដូច​មាន​ផែ​ចត​នាវា រោងជាង​ជួសជុល​នាវា និង​ការ​បូម​ខ្សាច់​បង្កើន​ជម្រៅ​ទឹក​នៅ​ឈូង​សមុទ្រ​រាម ដើម្បី​ទទួល​នាវា​ធុន​ធំ។

ការ​បង្ហាញ​ខាង​លើ​អំពី​គម្រោង​ជំនួយ​របស់​ចិន ​នៅ​មូលដ្ឋាន​សមុទ្រ​រាម ត្រូវ​បាន​បញ្ជាក់​ឡើងវិញ​សា​ជា​ថ្មី​ដោយ ​លោក ទៀ បាញ់ នា​សប្ដាហ៍​មុន​នេះ ខណៈ​មាន​ដំណើរ​ទស្សនកិច្ច​ខ្លី​មួយ​ដោយ​អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​​ការ​បរទេស​​អាមេរិក​​នៅ​​ភ្នំពេញ។

នៅ​ភ្នំពេញ អ្នកស្រី Sherman បាន​បន្ទរ​ការ​បារម្ភ​ជា​ពន្លឹក​របស់​អាមេរិក អំពី​ការ​ពាក់ព័ន្ធ​របស់​ចិន នៅ​មូលដ្ឋាន​សមុទ្រ​រាម ទី​ដែល​​អគារ​និង​ទីតាំង​ជំនួយ​របស់​អាមេរិក ​ត្រូវ​បាន​វាយ​ចោល​ម្ដង​មួយៗ ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន កាល​ពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ៕ដកស្រង់ទាំងស្រុងពីvoa