សង្គម

លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រមាថបាញ់សម្លាប់ចោល មន្ត្រីនគរបាលប៉ុស្តិ៍ឃុំស្រែព្រះ ករណីឃាត់រថយន្តដឹកឈើខុសច្បាប់សួរនាំ

ខេត្តមណ្ឌលគិរី: នាយរងប៉ុស្តិ៍នគរបាលម្នាក់ត្រូវបានរងការគម្រាមបាញ់សម្លាប់ចោល ពីលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង(អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី) ខណៈដែលមន្ត្រីនគរបាលរូបនោះ និងមនុស្ស២នាក់ទៀតកំពុងឃាត់រថយន្តឆ្នៃដឹកឈើខុសច្បាប់ ចេញពីតំបន់អភិរក្សសត្វព្រៃកែវសីមាដើម្បីសួរនាំ។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចរ៉ាង ក្នុងដីក្រុមហ៊ុនប៊ិនភឿក១ ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វេលាម៉ោង១០និង៣០ នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះបើតាមវីដេអូឃ្លីបដែលអង្គ្គភាពព័ត៌មានទទួលបាន។

នាយរងប៉ុស្តិ៍នគរបាលឃុំស្រែព្រះ ដែលរងការប្រមាថបាញ់សម្លាប់ចោលពីលោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំ ត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់គឺលោក សួស អង្គារ ។

បើតាមវីដេអូឃ្លីបដែលអង្គភាពព័ត៌មានទទួលបានគឺខណៈដែល លោក សួស អង្គារ និងមនុស្ស២នាក់ទៀតកំពុងឃាត់រថយន្តច្នៃដឹកឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃកែវសីមាដើម្បីសួរនាំ ស្រាប់តែលោក សាក់ សារ៉ាង ដែលមានតួនាទីជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង បានជិះរថយន្តដឹកមនុស្សជាច្រើននាក់ទៅដល់ ហើយចុះពីរថយន្តទៅសួរនាំនាយរងប៉ុស្តិ៍នគរបាល និងមន្ត្រីយោធាម្នាក់ទៀតថាមកពីស្ថាប័នណា? ថាហេតុអីឃាត់រថយន្តពលរដ្ឋដឹកឈើយកទៅធ្វើផ្ទះ។

ដោយលោក សួស អង្គារ មិនស្គាល់លោក សាក់ សារ៉ាង ជានរណាឲ្យពិតប្រាកដ ហើយមានសិទ្ធិអំណាចមកសួរនាំរូបលោកដែលជាមន្ត្រីនគរបាល កំពុងបំពេញភារកិច្ចក្នុងដែនរដ្ឋបាលរបស់ខ្លួនបែបនេះ ក៏សួរតបវិញ តែត្រូវបានលោក សាក់ សារ៉ាង ខឹងសម្បារយ៉ាងខ្លាំង ដោយនិយាយថា ” ខ្លួនឯងឈ្មោះអីគេ អញត្រូវសួរឯងវិញ អ្ហែងស្អីមានសិទ្ធិមកសួរអញ បាញ់អ្ហែងចោលឥលូវអ្ហែង មេអ្ហែងស្អី?) និងបានប្រើកាយវិការយកដៃរុញទៅលើ មន្ត្រីនគរបាលស្ទើរផ្ងាក្រោយទៀតផង។

ទង្វើ និងការប្រើសម្តីប្រមាថបាញ់សម្លាប់ចោលរបស់លោក សាក់ សារ៉ាង លើមន្ត្រីនគរបាលដែលកំពុងភារកិច្ចក្នុងដែនគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន បែបក្រេវក្រោធ ច្រឡោងខាម អសីលធម៌ បែបនេះ គឺជាកំហុសយ៉ាងធ្ងន់ធ្ងរ មិនសមជាថ្នាក់នាំស្ថាប័នអាវុធហត្ថខេត្តកំពង់ឆ្នាំ ដែលថ្នាក់ដឹកនាំអាវុធហត្ថផ្ទៃប្រទេសផ្តល់សេចក្តីទុកចិត្តប្រគល់តួនាទីឲ្យឡើយ។

ម៉្យាង ទៀតទង្វើអសីលធម៌បែបនេះ របស់លោក សាក់ សារ៉ាង ត្រូវបានមហាជនរិះគន់ថា ជាការអាងអំណាចយសស័ក្តិ គម្រាមលើមន្ត្រីនគរបាលតូចតាចយ៉ាងច្បាស់ក្រឡែត និងរំលោភលើដែនសមត្ថកិច្ចមូលដ្ឋាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយយស សេចក្តីថ្លៃថ្នូររបស់មន្ត្រ្តីនគរបាលដែលកំពុងបំពេញ ភារកិច្ចក្នុងដែនរដ្ឋបាលរបស់ខ្លួន ដែលនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថផ្ទៃប្រទេស គួរបើកការអង្កេតស្រាវជ្រាវរកការពិត ដើម្បីបញ្ចៀសការរិះគន់មិនត្រូវ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៥ខែឧសភា កន្លងទៅនេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានកោះហៅ លោក សួស អង្គារ និងមនុស្ស២នាក់ទៀតដែលរួមដំណើរក្នុងហេតុការណ៍ខាងលើ ទៅសួរនាំ និងធ្វើកំណត់ហេតុសាក្សី ដើម្បីកសាងសំណុំរឿងដាក់ពាក្យបណ្តឹង ប្តឹងលោក សាក់ សារ៉ាង រួចហើយដែរ។

លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំ បានប្រាប់អ្នកយកព័ត៌ឲ្យដឹងថា ឈើទាំងនេះជាឈេីជជុះ លោកទិញមកធ្វេីរោងកម្មករ មានអ្នករត់ការបង់លុយឲ្យមេប៉ុស្តិ៍ អនុប៉ុស្តិ៍មកឃាត់ មានទាំងយោធាជេីងគោកមកទៀតកៀបទារលុយ.ហេីយសំលុតយកអាវុធភ្ជង់ក្បាលតៃកុងនិងព្រូ។ ឮថាមានការសំលុត ខ្ញុំក៏ចេញទៅប្រាប់ ថាយកទៅធ្វេីរោងកម្មករទេ.ពេលទៅដល់ឃេីញខាងសមត្ថកិច្ចនោះមានអាវុធមែន. តែខាងខ្ញុំគ្មានអាវុធទេ មេីលក្នុវវីដេអូរហ្នឹងឃេីញហេីយ. ដែលខ្ញុំខឹងដែលគាត់មកសួរឈ្មោះខ្ញុំទេ។ លោកបន្តថាមិនដែលអ្នកអត់មានអាវុធ ទៅសម្លុតគម្រាមអ្នកមានអាវុធទេ គ្មានរឿងអីធំដុំនោះទេ?។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងអាវុធហត្ថផ្ទៃប្រទេស បានប្រាប់អ្នកយកព័ត៌ មានយ៉ាងខ្លីឲ្យដឹងថា បើមានភស្តុតាងបញ្ជាក់ច្បាស់លាស់ មេបញ្ជាការលោកមិនបណ្តែត បណ្តោយឲ្យនាយទាហានណាប្រព្រឹត្តល្មើសច្បាប់នោះទេ។

គួរបញ្ជាក់ថា លោក សាក់ សារ៉ាង មានចំការកៅស៊ូរាប់សិបហិកតានៅក្នងទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងកំពុងសម្រុកដាំដុះបន្ថែម ជារឿយៗលោកតែងប្រមូលទិញឈើខុសច្បាប់ដែលក្រុមជនខិលខូចលួចកាប់ចេញពីក្នុងព្រៃអភិរក្សដែនជម្រកសត្វកែវសីមា យកមកធ្វើស្ពាន និង ផ្ទះកម្មករក្នុងដីចំការបស់ខ្លួន៕