សង្គម

ពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ​បារម្ភ​ពី​ការ​បាត់​បង់​បឹង​ធម្មជាតិ​មួយ​​ ក្រោយ​អាជ្ញាធរ​ចុះ​បោះ​បង្គោល​កំណត់​ព្រំ

ប្រជាពលរដ្ឋមួយចំនួនរស់​​នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បារម្ភពីការបាត់បង់បឹងធម្មជាតិមួយកន្លែងស្ថិតក្នុងសហគមន៍របស់ពួកគេ ក្រោយពីអាជ្ញាធរធ្វើការចុះបោះ​បង្គោល​កំណត់​ព្រំលើ​ផ្ទៃ​បឹង ដោយមិនបានជូនដំណឹងច្បាស់លាស់ដល់ប្រជាពលរដ្ឋរស់​នៅជុំវិញបឹងនោះ។

អ្នកស្រី មឿន ផៃ រស់នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា «បឹងចន្លក់»ដែលមានទទឹងប្រហែលជាង១០០ម៉ែត្រ និងបណ្តោយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងឃុំគគីរនេះ ត្រូវបានអាជ្ញាធរចុះវាស់វែងនិងបោះបង្គោលកំណត់ព្រំនាពេលថ្មីនេះ។

ពលរដ្ឋរូបនេះឱ្យដឹងថា សកម្មភាពដែល​អាជ្ញាធរចុះវាស់វែងនិងបោះបង្គោលលើផ្ទៃបឹងនោះ គឺមិន​បានប្រាប់ឬជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ​បានដឹងពីគោលបំណងនៃការចុះបោះបង្គោលនេះទេ ដែលធ្វើឱ្យប្រជាពលរដ្ឋបារម្ភ​ពីការលួច​លក់​បឹងឬលុបបឹង​ធម្មជាតិមួយនេះ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរ បើចង់ធ្វើអ្វីមួយនៅលើបឹងហ្នឹង គួរតែប្រជុំប្រាប់ប្រជាពលរដ្ឋដែលអាស្រ័យផលនិងរស់នៅជុំវិញបឹងហ្នឹងឱ្យបានច្បាស់លាស់ផង។ និយាយទៅ ប្រជាជនបារម្ភ ពីព្រោះបឹងហ្នឹងជាឆ្នាំងបាយរបស់ប្រជាជននៅជុំវិញហ្នឹង ប្រសិនជាអាជ្ញាធរយកបឹងហ្នឹងទៅអភិវឌ្ឍធ្វើអ្វីមួយ ច្បាស់ជាប្រជាពលរដ្ឋដាច់បាយហើយ»។

ពលរដ្ឋរស់នៅភូមិចន្លក់ម្នាក់ទៀត លោក យាន ចាន់ធួក អះអាងថា ប្រជាពលរដ្ឋចំនួន២ភូមិ រួមមាន ភូមិចន្លក់ នៃ​ឃុំគគីរ និងភូមិដីឥដ្ឋ​ នៃឃុំដីឥដ្ឋ បាន​និងកំពុងអាស្រ័យផលពីបឹងធម្មជាតិមួយនេះតាំងពីដូនតាមក។ លោក​ថា ពលរដ្ឋមួយចំនួន បានយកទឹកបឹងមកប្រើប្រាស់ក្នុងផ្ទះ អ្នកខ្លះទៀតប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំ​កសិកម្មផ្សេងៗ និងនេសាទត្រីជាដើម។

លោក យាន ចាន់ធួក បន្តថា ប្រជាពលរដ្ឋនៅជុំវិញបឹងនេះ ភាគច្រើនរស់ពឹងផ្អែកលើរបរ​ធ្វើកសិកម្ម ដូចជា ដាំបន្លែបង្ការ​ផ្សេងៗ និងនេសាទត្រី ហើយថា ប្រសិនបើ​​អាជ្ញាធរលក់ឬលុបបឹង​ចន្លក់នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាសេដ្ឋកិច្ចគ្រួសារមិនខាន។

លោកបន្ថែមថា៖ «ពួកយើងមានសំណូមពរមួយ គឺសុំកុំឱ្យអាជ្ញាធរលក់ឬលុបបឹងនេះតែម្តង។ ពួកយើងចង់ទុកវាជាសម្បត្តិសាធារណៈ ដើម្បីឱ្យបងប្អូនយើងបន្តអាស្រ័យផលនៅលើបឹងហ្នឹងបន្តទៀត។ បើគេលុប​បឹងហ្នឹង ពួកយើងដាច់បាយ ដាច់សេដ្ឋកិច្ច​ក្នុងគ្រួសារយើងមួយផ្នែកធំតែម្តង ពីព្រោះយើងមិនដឹងពឹងអីទៀត ព្រោះថា ដំណាំកសិកម្មរបស់ពួកយើងអត់មានប្រភពទឹកដាក់ទៀតទេ ហើយការរកត្រីសាច់អី យើងក៏លែងបានរកទៀតដែរ»។

អភិបាលស្រុកកៀនស្វាយ លោក អ៊ូន ឈាន អះអាងថា ការដែលអាជ្ញាធរចុះ​ទៅវាស់វែងនិង​បោះបង្គោលកំណត់​ព្រំផ្ទៃបឹងចន្លក់នេះ គឺធ្វើទៅតាមការបង្គាប់របស់ថ្នាក់លើ ដើម្បីចុះបញ្ជីដីនោះទុកជាសម្បត្តិរដ្ឋនិងកំណត់សម្រាប់ទុកឱ្យប្រជាពលរដ្ឋអាស្រ័យផល។

លោកបន្ថែមថា៖ «ការអភិវឌ្ឍ​យ៉ាងណាទៀត ខ្ញុំអត់ដឹងទេ! គ្រាន់តែថា ខ្ញុំនៅមូលដ្ឋានរក្សាការពារដីណាជាដីសម្បត្តិរដ្ឋ ចុះបញ្ជីជាដីរដ្ឋប៉ុណ្ណឹងទេ។ ហើយការអភិវឌ្ឍ​ថ្ងៃក្រោយយ៉ាងណាទៀត ខ្ញុំអត់ដឹងទេ! វាជារឿងរបស់ថ្នាក់លើឬរដ្ឋាភិបាលគាត់ជាអ្នកសម្រេច»។

ផ្អែមតាមច្បាប់ ដីបឹងជាដីសាធារណៈរបស់រដ្ឋ​ អ៊ីចឹង​ប្រសិនធ្វើវិនិយោគឬផ្តល់ទៅឱ្យក្រុមហ៊ុន អាហ្នឹងវាត្រូវមានច្បាប់អនុប្រយោគទៀត បំប្លែងពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ហើយ​ធ្វើដោយតម្លាភាព ដែលអាជ្ញាធរត្រូវធ្វើការប្រឹក្សាយោបល់ឬក៏ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានការដឹងឮពីបញ្ហាហ្នឹង ហើយពួកគាត់ក៏មានសិទ្ធិបញ្ចេញមតិយោបល់​ក្នុងការសួរនាំ ឬក៏រក្សា​ដីបឹងហ្នឹងតាមមតិយោបល់​របស់ពួកគាត់ផង៕