សង្គម

លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បណ្តែតបណ្តោយឲ្យមានសង្វៀនជល់មាន់ខុសច្បាប់ ខណៈជំងឺកូវីដ-១៩កំពុងរីករាលដាលក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម)៖ សង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចភូមិតាមុឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបើកលេងជល់មាន់ អាប៉ោង និងបៀរ យ៉ាងសប្បាយអើងកងនៅថ្ងៃទី១១ ខែកក្កដានេះ ល្មើសនិងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានពលរដ្ឋចោទប្រកាន់ថា លោក សុខ យ៉េន ដែលមានតួនាទីជាអធិការនគរបាល ជាអ្នកបណ្តែតបណ្តោយឲ្យក្រុមអ្នកញៀនល្បែង បើកទីតាំងប្រមូលមនុស្សពីគ្រប់ទិសទី ឲ្យចូលលេងភ្នាល់ដោយសេរី ទើបបមិនបង្រ្កាប។

ប្រភពពីអ្នកជល់មាន់បានបង្ហើបប្រាប់ថា៖ម្ចាស់សង្វៀនជល់មាន់និងអាប៉ោងខាងលើនេះមានឈ្មោះអាវិត និងតាលឹម ជាមនុស្សដ៍ល្បីឈ្មោះខាងរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សុំបើកសង្វៀនជល់មាន់ជាច្រើនកន្លែងក្នុងទឹកដីខេត្តកំពង់ចាម ហើយពេលបែកការណ៍ដល់ថ្នាក់ដឹកនាំខេត្ត សមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ តែងចេញមុខទៅបង្ក្រាបសង្វៀនទទេស្អាត ហើយថតបង្ហោះសកម្មភាពចុះបង្ក្រាប កុហកថ្នាក់ដឹកនាំ កំពុងត្រូវបានមហាជនរិះគន់ជាបន្តបន្ទាប់ ថាជាការគប់គិតរបស់មន្ត្រីមូលដ្ឋាន ជាមួយម្ចាស់បនល្បែងសម្តែងល្ខោនឲ្យតែល្អមើលប៉ុណ្ណោះ។

ផ្ទុយទៅវិញលោក ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានខំប្រឹងប្រែងបំពេញភារកិច្ច និងទប់ស្កាត់ ការរីករាលដាល ជំងឺកូវិដ១៩ និងរក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងបានដាក់ចេញនូវបទបញ្ជាជាច្រើនដល់អធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ឲ្យអនុវត្តន៍។ ប៉ុន្តែសម្រាប់លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ មិនខ្វល់ពីបទបញ្ជារបស់លោកស្នងការឡើយ ទើបបណ្តែតបណ្តោយឲ្យមានសង្វៀនជល់មាន់ខុសច្បាប់ បើកលេងល្បែងស៊ីសងក្នុងភូមិសាស្រ្តគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន បង្កឲ្យពលរដ្ឋភ័យខ្លាចកើតមានអំពើអសន្តិសុខ និងជាពិសេសគឺការភ័យខ្លាចការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ជាក់ស្តែងសង្វៀនជល់មាន់នៅភូមិស្វាយពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ លោក សុខ យ៉េន បានដឹកនាំកម្លាំងនគរបាលជាង១០នាក់ចុះទៅបង្ក្រាបសង្វៀនបញ្ជល់មានទទេស្អាត (របៀបខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃដឹងមុន) ពោលគឺបង្ក្រាបខ្យល់ ដែលធ្វើឲ្យពលរដ្ឋរស់នៅក្នុងភូមិស្វាយពោធិ៍សម្តែងការខកចិត្តយ៉ាងខ្លាំង កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅ។

ស្រាប់តែថ្ងៃទី១១ ខែកក្កដានេះ មេសង្វៀនជល់មាន់ឈ្មោះអាវិត និង តាលឹម បានប្រមូលគៀងគរមនុស្ស សុទ្ធតែលំដាប់ឧកញ៉ា មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ព្រៃវែង និងមកពីខេត្តផ្សេងទៀត(បើកជល់មាន់ ភ្នាល់ខ្នាតធំ) ក្នុងទីតាំងសង្វៀនរបស់ខ្លួនក្នុងភូមិតាមុឺន ឃុំព្រែកដំបូកសារជាថ្មី ដែលធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថា លោក សុខ យ៉េន ទំនងទទួលបានផលប្រយោជន៍មិនតិចនោះទេ ទើបបណ្តែតបណ្តោយឲ្យមានសង្វៀនជល់មាន់ខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនបែបនេះជាបន្តបន្ទាប់នោះ។

ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ សំណូមពរដល់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាពិសេស លោក ឯម កុសល ស្នងការនគរបាលខេត្ត មេត្តាស្រាវជ្រាវអង្កេត លើទង្វើរបស់អធិការនគរបាលស្រុកស្រីសន្ធរ ដើម្បីជួយបំបាត់ការភ័យខ្លាច ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ដែលអាចបង្កឡើងដោយសង្វៀនជល់មាន់ខុសច្បាប់មួយនេះផង។

ទាក់ទងនឹងការបើសង្វៀនជល់មាន់នេះសារជាថ្មីនៅក្នុងភូមិ តាមុឺន ឃុំ ព្រែកដំបូកនេះ អ្នកយកព័ត៌មានមិនទំនាក់ទំនង ទៅលោក សុខ យ៉េន ដើម្បីរាយការណ៍ជូនបានឡើយ ដោយសារ លោកមិនលើកទូរស័ព្ទ៕