សង្គម

កម្ពុជា​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម នៅ​ពេល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ

នៅ​ក្នុង​សារ​លិខិត​កម្រាស់​៤​ទំព័រ កាល​ពី​ថ្ងៃ​ទី​០៦​សីហា​២០២១ សម្រាប់​អបអរ​ខួប​៥៤​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ដែល​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០៨​សីហា​ឆ្នាំ​១៩៦៧ សម្តេចតេជោប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​រំលេច​ឡើង​នូវ​សមិទ្ធផល​ជា​ច្រើន​ដែល​អាស៊ាន​សម្រេច​បាន​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍​កន្លង​មក​នេះ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ សម្តេច ហ៊ុន សែន ក៏បាន​កត់​សម្គាល់​ផង​ដែរ ពី​បញ្ហា​ប្រឈម​មុខ​របស់​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​។

ឧបសគ្គ​ដែល​អាស៊ាន​កំពុង​ប្រឈម​នៅ​ពេល​នេះ គឺ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូវីដ​១៩ ចាប់​ពីឆ្នាំ​២០២០​មក ដែល​បាន​ទាញ​ទម្លាក់​សេដ្ឋកិច្ច​តំបន់​ និង​សកល​លោក​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ  ហើយ​ប៉ះពាល់​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជាជន​។​

ក្រៅពី​មេរោគ​ដែល​ឆ្លង​រាល​ដាល​នេះ កំណើន​នៃ​ការ​ប្រកួត​ប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហាអំណាច ដែល​រាលដាល​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ក៏​កំពុង​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​តំបន់​។ បន្ថែម​ពី​លើ​នេះ ក៏​មាន​ដែរ បញ្ហា​ប្រឈម​ជា​ប្រពៃណី​របស់​អាស៊ាន គឺការ​ប្រែប្រួល​អាកាសធាតុ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គ្រឿងញៀន ការ​ជួញ​ដូរ​មនុស្ស​ និង​ភេរវកម្ម។នេះបើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​ទាំង​អស់​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ កម្ពុជា​ប្តេជ្ញា​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​យន្តការ​ពង្រឹង​សកម្មភាព​រួមគ្នា ដើម្បី​ដោះស្រាយ​នូវបញ្ហាប្រឈម​រួម​ដែល​តំបន់​នេះ​កំពុង​ជួប​ប្រទះ​។

សម្រាប់​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី  ឱកាស​និង​បញ្ហា​ប្រឈម នឹង​ដើរ​ទន្ទឹម​គ្នា នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​ក្រោយ​នេះ ខណៈ​អាស៊ាន​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​មួយ​ចំនួន គឺ​កូវីដ​១៩ និង​វិបត្តិ​ផ្ទៃ​ក្នុង​នៅ​ភូមា​ជា​ដើម​៕ដកស្រង់ទាំងស្រុងពីវិទ្យុបារាំងអន្តរជាតិ